ប្រទេសជប៉ុនរកឃើញការបំប្លែងខ្លួនថ្មីមួយទៀតហៅថា «N501S» ដែលមានប្រភពចេញពីអ្នកជំងឺកូវីដ១៩ វ៉ារ្យង់ Delta
- BY
- autoadmin
- August 31, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនមួយក្រុម ដែលដឹកនាំដោយសាស្ត្រាចារ្យរងលោក Takeuchi Hiroaki នៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងទន្តពេទ្យទីក្រុងតូក្យូ (Tokyo Medical and Dental University Hospital) បានប្រកាសកាលពីថ្ងៃច័ន្ទថា ក្រុមស្រាវជ្រាវបានរកឃើញការបំប្លែងខ្លួនថ្មីមួយទៀត ចេញពីអ្នកជំងឺ COVID-19 វ៉ារ្យ៉ង់ Delta ដែលបានទៅវិទ្យាស្ថានកាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២១ ហើយក្រុមស្រាវជ្រាវបានហៅការបំប្លែងថ្មីនោះថា «N501S» ។

ក្រុមស្រាវជ្រាវបាននិយាយថា ក្រៅពីការឆ្លងនៅក្នុងប្រទេសជប៉ុននេះ ករណីដែលទាក់ទងនឹង N501S មានទាំងអស់ ៨ ករណី ដែលត្រូវបានរាយការណ៍។ ការបំប្លែងរបស់ N501S ដែលចេញពីវ៉ារ្យ៉ង់ Delta គឺប្រហាក់ប្រហែលនឹងការបំប្លែងខ្លួនរបស់ N501Y នៃវ៉ារ្យ៉ង់ Alpha ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេសផងដែរ។ ប៉ុន្តែយ៉ាងណាក្រុមនេះបាននិយាយថា ខ្លួនមិនទាន់ច្បាស់ទេថាតើ N501S នឹងមានផលប៉ះពាល់អ្វីខ្លះដល់សមត្ថភាពចម្លងវីរុសរបស់វា ហើយពួកគេនឹងសិក្សាបន្ថែមលើការបំប្លែងខ្លួននេះ។
ចំណែកឯសាស្ត្រាចារ្យរងលោក Takeuchi Hiroaki ដែលបានដឹកនាំនៅក្នុងការស្រាវជ្រាវនេះ បាននិយាយដែរថា កិច្ចខិតខំប្រឹងប្រែងពេញលេញគួរតែត្រូវបានធ្វើឡើងឱ្យបានឆាប់បំផុត ដើម្បីទប់ទល់នឹងជំងឺឆ្លងថ្មីៗ។ ព្រោះថាការរីករាលដាលនៃការឆ្លងការតែច្រើន នឹងនាំឱ្យមានវ៉ារ្យ៉ង់ថ្មីៗកើតឡើងបន្ថែមទៀត។ លោកក៏បានអំពាវនាវផងដែរ ឱ្យមានការប្រើប្រាស់ការវិភាគទៅលើហ្សែន ដើម្បីពង្រឹងការត្រួតពិនិត្យការប្រែប្រួលរបស់មេរោគ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






