អន្តរជាតិ

ប្រទេសថៃកំពុងរៀបចំការសាកល្បងដំណាក់កាលទី២ សម្រាប់វ៉ាក់សាំង Chula-Cov19 ដែលជាវ៉ាក់សាំង mRNA ដំបូងបំផុតនៅអាស៊ីអាគ្នេយ៍

BY
autoadmin
August 31, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យជូឡាឡុងកន បានដាក់ដំណើរការសាកល្បងលើមនុស្សលើកទី២ សម្រាប់វ៉ាក់សាំង Chula-Cov19 ដែលជាវ៉ាក់សាំងប្រភេទ mRNA បន្ទាប់ពីការសាកល្បងដំណាក់កាលទី១ បានបង្ហាញថា វ៉ាក់សាំងនេះបានបង្កើនអង់ទីករបានល្អ ដើម្បីប្រឆាំងនឹងជំងឺ COVID-19 ។ វ៉ាក់សាំងបានបង្ហាញប្រសិទ្ធភាពល្អ ចំពោះវ៉ារ្យ៉ង់ទាំង ៤ ដែលមានដូចជា៖ Alpha, Beta, Delta និង Gamma នៅក្នុងដំណាក់កាលសាកល្បងទី១ ហើយវ៉ាក់សាំងនេះរំពឹងថា នឹងទទួលបានការចុះបញ្ជីពី FDA របស់ប្រទេសថៃ នៅខែមេសា ឆ្នាំ២០២២។

វេជ្ជបណ្ឌិតលោក Kiat Ruxrungtham នាយកនៃកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំង Chula-Cov19 និងជាស្ថាបនិកនៃមជ្ឈមណ្ឌលស្រាវជ្រាវថ្នាំបង្ការ Chula បាននិយាយថា វ៉ាក់សាំងនេះមានការឆ្លើយតបខ្ពស់ជាមួយអង់ទីករ ហើយវាក៏ល្អដូចនឹងវ៉ាក់សាំង Pfizer របស់សហរដ្ឋអាមេរិកផងដែរ។ លោកបានបន្ថែមថា អ្នកចូលរួមនៅក្នុងការសាកល្បង មានផលរំខានតិចតួច ឬច្រើនជាងនេះ នៅអំឡុងពេល ៧ថ្ងៃ បន្ទាប់ពីការចាក់វ៉ាក់សាំង ហើយភាគច្រើនមានរោគសញ្ញាដូចជា៖ ឈឺចុកចាប់នៅកន្លែងដែលចាក់ថ្នាំ អស់កម្លាំង គ្រុន និងញាក់ជាដើម។

ការសាកល្បងលើមនុស្សលើកទី១ របស់វ៉ាក់សាំង Chula-Cov19 មានការចូលរួមពីមនុស្សចំនួន ៧២នាក់ ដោយ ៣៦នាក់ មានអាយុពី ១៨ ទៅ ៥៥ឆ្នាំ និង ៣៦នាក់ផ្សេងទៀត មានអាយុពី ៦៥ ទៅ ៧៥ឆ្នាំ។ វ៉ាក់សាំងបានបង្ហាញប្រសិទ្ធភាព ៩៤% ប្រឆាំងនឹងរោគសញ្ញានៃជំងឺ COVID-19 ជាមួយនឹងការកើនឡើងនៃអង់ទីករការពារបានយ៉ាងល្អប្រសើរ។ វ៉ាក់សាំងនេះក៏នឹងរំញោចដល់កោសិកា T-cell ដែលនឹងជួយសម្លាប់មេរោគ នៅក្នុងកោសិកាអ្នកជំងឺ COVID-19 ផងដែរ។ ឥឡូវនេះវ៉ាក់សាំង Chula-Cov19 កំពុងស្ថិតលើដំណើរក្លាយជាវ៉ាក់សាំងប្រភេទ mRNA ដំបូងបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ហើយពួកគេនឹងផលិតវាឱ្យបានឆាប់បំផុត ដោយសារថាពួកគេមិនទាន់គ្រោងឱ្យមានជាផលិតកម្មធំនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand

Share This Post: