អន្តរជាតិ

ប្រទេសកូរ៉េខាងជើងបានច្រានចោលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៣ លានដូស របស់ក្រុមហ៊ុន Sinovac ហើយថា វាគួរតែបញ្ជូនទៅប្រទេសដែលត្រូវការជាងខ្លួន

BY
autoadmin
September 2, 2021

អង្គការយូនីសេហ្វដែលទទួលបន្ទុកគម្រោង COVAX សម្រាប់ប្រទេសមានប្រាក់ចំណូលទាប បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងបានច្រានចោលជំនួយវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៣ លានដូស របស់ក្រុមហ៊ុន Sinovac Biotech ដោយប្រទេសកូរ៉េខាងជើងផ្ទាល់បាននិយាយថា វ៉ាក់សាំងបង្ការទាំងនោះគួរតែត្រូវបានបញ្ជូនទៅប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងខ្លួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។

ជម្រាបដែរថាគិតរហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងជើងមិនបានរាយការណ៍ពីករណីឆ្លង COVID-19 ណាមួយឡើយ ហើយបានដាក់ចេញវិធានការប្រឆាំងជំងឺឆ្លងដ៏តឹងរ៉ឹង រួមទាំងការបិទព្រំដែន និងការទប់ស្កាត់ការធ្វើដំណើរក្នុងស្រុក។
កាលពីខែកក្កដាកន្លងទៅ ប្រទេសកូរ៉េខាងជើងក៏បានបដិសេធការទទួលយកវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ផងដែរ ដោយសារការព្រួយបារម្ភពីផលរំខានធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំង ហើយមានប្រភពខ្លះនិយាយថា ប្រទេសនេះចាប់អារម្មណ៍ជាមួយនឹងវ៉ាក់សាំងបង្ការរបស់ប្រទេសរុស្ស៊ី។ យ៉ាងណាក៏ដោយ ក្រសួងសាធារណៈរបស់ប្រទេសកូរ៉េខាងជើង នឹងនៅតែបន្ដទំនាក់ទំនងជាមួយភ្នាក់ងាររបស់គម្រោង COVAX ដើម្បីទទួលយកវ៉ាក់សាំងនៅពេលក្រោយៗទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: