ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីបានសម្រេចឱ្យយន្តហោះ Boeing 737 Max អាចហោះហើរចេញចូលប្រទេសខ្លួនសារជាថ្មី បន្ទាប់ពីការរឹតបន្តឹងអស់រយៈពេលជាង ២ឆ្នាំ លើយន្ដហោះម៉ូដែលនេះ

    BY autoadmin September 6, 2021
    សិង្ហបុរីបានសម្រេចឱ្យយន្តហោះ Boeing 737 Max អាចហោះហើរចេញចូលប្រទេសខ្លួនសារជាថ្មី បន្ទាប់ពីការរឹតបន្តឹងអស់រយៈពេលជាង ២ឆ្នាំ លើយន្ដហោះម៉ូដែលនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃច័ន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា យន្តហោះ Boeing 737 Max នឹងអាចហោះហើរចេញ/ចូល ប្រទេសសិង្ហបុរីសារជាថ្មីម្តងទៀត បន្ទាប់ពីអាជ្ញាធរអាកាសចរណ៍សិង្ហបុរីបានដកបម្រាមហោះហើរ ដែលបានដាក់លើយន្តហោះម៉ូដែលនេះកាលពីជាង ២ ឆ្នាំមុន។ រំលឹកដែរថា យន្តហោះ Boeing 737 Max ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មពាណិជ្ជកម្មនៅប្រទេសសិង្ហបុរី កាលពីខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះ ២លើក នៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសអេត្យូពីពាក់ព័ន្ធនឹងយន្តហោះនេះ។

    អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) នៅថ្ងៃច័ន្ទទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បាននិយាយថា ខ្លួនបានដកការរឹតបន្តឹងលើយន្តហោះ Boeing 737 Max បន្ទាប់ពីបញ្ចប់ការវាយតម្លៃបច្ចេកទេសរបស់ខ្លួន។ ការសម្រេចនេះក៏ស្របទៅតាមអាជ្ញាធរអាកាសចរណ៍របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលពួកគេបានសម្រេចដកការរឹតត្បឹតលើយន្តហោះនេះដូចគ្នា។ CAAS បាននិយាយថា ខ្លួនបានវាយតម្លៃលើការផ្លាស់ប្តូរការរចនា របស់យន្តហោះ Boeing ដែលត្រូវបានអនុម័តដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) និងអាជ្ញាធរមានសុពលភាពផ្សេងទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: