អន្តរជាតិ

ប្រទេសជប៉ុនបានរកឃើញជនរងគ្រោះទី៣ ដែលបានទទួលមរណភាពដោយសារវ៉ាក់សាំង Moderna នៅក្នុងក្រុមតែមួយដែលខ្លួនកំពុងប្រកាសប្រមូលយកមកវិញទាំងអស់

BY
autoadmin
September 7, 2021

ក្រសួងសុខាភិបាលជប៉ុនបាននិយាយថា បុរសម្នាក់អាយុ ៤៩ឆ្នាំ បានទទួលមរណភាព បន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna ។ ពោលគឺគាត់បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Moderna ដែលចេញពីបាច់មួយ ដែលក្រសួងសុខាភិបាល និងក្រុមហ៊ុនចែកចាយនៅប្រទេសជប៉ុន ហើយសម្រេចចិត្តប្រមូលយកមកវិញទាំងអស់ បន្ទាប់ពីបានរកឃើញថា មានសារធាតុបង្កមេរោគនៅក្នុងវ៉ាក់សាំង។ បុរសរូបនោះបានទទួលវ៉ាក់សាំងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ហើយគាត់បានស្លាប់នៅថ្ងៃបន្ទាប់ ដោយសារបញ្ហាអាឡែរហ្សីម្យ៉ាង គេហៅថា buckwheat allergy ។ គាត់គឺជាជនរងគ្រោះទី៣ ដែលបានស្លាប់ ហើយក្រសួងសុខាភិបាលក៏កំពុងស៊ើបអង្កេតបន្ថែមលើការស្លាប់របស់គាត់។

ចំណែកឯក្រុមហ៊ុន Moderna បានពន្យល់ដល់ក្រសួងសុខាភិបាលជប៉ុនកាលពីសប្តាហ៍មុនថា ភាគល្អិតដែកអ៊ីណុកដែលមាននៅក្នុងវ៉ាក់សាំង គឺជាលទ្ធផលនៃការកកិតរវាងដែកនៅលើខ្សែសង្វាក់ផលិតកម្ម ដែលបណ្តាលមកពីការរៀបចំមិនត្រឹមត្រូវ។ ឥឡូវនេះក្រសួង និងក្រុមហ៊ុនចែកចាយឱសថ Takeda Pharmaceutical កំពុងប្រមូលយកវ៉ាក់សាំងក្នុងក្រុម (batch) នោះមកវិញ ដែលមានទាំងអស់ប្រមាណជា ១.៦ លានដូស ដែលបានចែកចាយដល់ ៩០០ កន្លែង នៅទូទាំងប្រទេសជប៉ុន។

ក្រុមមន្រ្តីនិយាយថា បុរសនោះបានទទួលវ៉ាក់សាំងនៅក្នុងក្រុមមួយ ដែលរហូតមកទល់ពេលនេះ ពួកគេមិនទាន់ឃើញមានសារធាតុខុសប្រក្រតីនៅឡើយ ប៉ុន្តែវ៉ាក់សាំងនោះត្រូវបានផលិតនៅរោងចក្រដូចគ្នា នៅក្នុងពេលដំណាលគ្នាដែលបញ្ជាក់ថា វ៉ាក់សាំងមួយចំនួនមានសារធាតុបង្ករោគ។ ក្រសួងសុខាភិបាលក៏កំពុងស៊ើបអង្កេតលើការស្លាប់របស់បុរស ២ នាក់ផ្សេងទៀត ដែលស្ថិតក្នុងវ័យ ៣០ ឆ្នាំ ដែលបានទទួលវ៉ាក់សាំង Moderna នេះ។ ពួកគេបានទទួលវ៉ាក់សាំង Moderna ក្រុមតែមួយជាមួយនឹងបុរសទី៣ ដែលបានស្លាប់ចុងក្រោយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Japan Times

Share This Post: