អន្តរជាតិ

អគ្គិភ័យមួយបានឆាបឆេះពន្ធនាគារនៅប្រទេសឥណ្ឌូណេស៊ី ដែលធ្វើឱ្យមនុស្សចំនួន ៤១នាក់ ត្រូវបាត់បង់ជីវិត និងរាប់សិបនាក់ត្រូវរងរបួស

BY
autoadmin
September 8, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះពន្ធនាគារមួយនៅប្រទេសឥណ្ឌូណេស៊ី នៅព្រឹកព្រលឹមថ្ងៃពុធនេះ នៅពេលដែលអ្នកទោសភាគច្រើនកំពុងដេកលង់លក់ ដែលធ្វើឱ្យមនុស្សចំនួន ៤១ នាក់ និងរាប់សិបនាក់ផ្សេងទៀតត្រូវរងរបួស។ អគ្គិភ័យនៅខេត្ត Banten បានផ្ទុះឡើងនៅវេលាម៉ោង ១ ដល់ម៉ោង ២ ទៀបភ្លឺ នៅពន្ធនាគារ Tangerang Prison Block C ដែលពួកគេសុទ្ធតែជាអ្នកទោសពាក់ព័ន្ធនឹងគ្រឿងញៀន។ វាត្រូវបានពន្លត់នៅម៉ោងប្រហែល ៣ ព្រឹក ប៉ុន្តែជាអកុសលមានមនុស្សមួយចំនួន ត្រូវបាត់បង់ជីវិតដោយសារអគ្គិភ័យនេះ។

ពន្ធនាគារនៅទីក្រុង Tangerang ដែលជាមជ្ឈមណ្ឌលឧស្សាហកម្ម និងផលិតកម្ម នៅក្បែរទីក្រុងហ្សាកាតា កំពុងមានអ្នកទោសជាប់គាំងជាង ២,០០០ នាក់ ដែលការពិតទៅគឺវាលើសពីសមត្ថភាពផ្ទុករបស់វា ដែលអាចទទួលបានតែ ៦០០ នាក់ប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលគិតត្រឹមខែកញ្ញា។ នៅក្នុងប្លុកដែលអគ្គិភ័យបានឆាបឆេះឡើង គឺបានផ្ទុកមនុស្ស ១២០ នាក់ ទាំងដែលការពិតចំនួនកំណត់របស់វាគឺត្រឹមតែ ៤០នាក់ ប៉ុណ្ណោះ។ ក្នុងនោះក៏មានអ្នកទោសជាជនបរទេសចំនួន ២នាក់ ផងដែរ ដោយពួកគេជាជនជាតិអាហ្វ្រិកខាងត្បូង និងព័រទុយហ្កាល់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: