អន្តរជាតិ

ប្រទេសកូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធា ដោយរួមមានទាំងការស្លៀកពាក់ឈុតហាសម៉ាត នៅក្នុងខួបលើកទី៧៣ នៃការបង្កើតរដ្ឋកុម្មុយនិស្តរបស់ខ្លួន

BY
autoadmin
September 9, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធា ដើម្បីរំលឹកខួបលើកទី៧៣ នៃការបង្កើតរដ្ឋកុម្មុយនិស្តរបស់ពួកគេ ប៉ុន្តែអ្វីដែលប្លែកជាងឆ្នាំរាល់ដងនោះគឺថា ពួកគេមិនបានបង្ហាញពីមីស៊ីលផ្លោងធំណាមួយឡើយ ប៉ុន្តែមានការបង្ហាញពីការដើរក្បួនទាហាន និងបុគ្គលិកក្នុងឈុតការពារ ឬឈុតហាសម៉ាត (hazmat) ជំនួសទៅវិញ។ បើតាមរូបភាពក៏បានបង្ហាញដែរថា មេដឹកនាំលោក គីម ជុងអ៊ុន មើលទៅដូចជាស្រកសាច់ជាងមុន ហើយគាត់បានដើរអមសងខាងដោយកូនសិស្សក្មេងៗ និងមានថ្នាក់ដឹកនាំដើរតាមពីក្រោយ។

ជម្រាបផងដែរថា ប្រទេសកូរ៉េខាងជើងកំពុងជួបវិបត្តិកង្វះស្បៀងអាហារ និងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដោយសារការរីករាលដាលនៃជំងឺ COVID-19 ។ ការពិតទៅគឺប្រទេសកូរ៉េខាងជើង មិនទាន់បានរាយការណ៍អំពីករណីជំងឺ COVID-19 ណាមួយឡើយ ប៉ុន្តែការបិទទ្វារប្រទេសតាំងតែពីមានការផ្ទុះឡើងលើកដំបូង បានធ្វើឱ្យប្រទេសនេះកាន់តែនៅឯកោពីគេ ជាពិសេសគឺទំនាក់ទំនងព្រំដែនជាមួយនឹងប្រទេសចិន។

ផ្នែកមួយនៃក្បួនដង្ហែរមានដូចជាឈុតហាសម៉ាតពណ៌ទឹកក្រូច និងរបាំងមុខ ដែលអាចជាសញ្ញាបង្ហាញថា កម្លាំងពិសេសមួយត្រូវបានបង្កើតឡើង ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ BBC ។ ក្រុមពាក់ឈុតហាសម៉ាតពណ៌ទឹកក្រូចពិសេសនេះ ទំនងជាទីក្រុងព្យុងយ៉ាងចង់បង្ហាញដល់ប្រជាជនរបស់ខ្លួនថា ទោះបីជាប្រទេសខ្លួនមិនមានករណីឆ្លងជំងឺ COVID-19 ក៏ដោយ ក៏ការប្រយុទ្ធប្រឆាំងឥតឈប់ឈរចំពោះការរីករាលដាលនៃជំងឺ COVID-19 នៅតែបន្ត។ រំលឹកផងដែរថា ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ទីក្រុងព្យុងយ៉ាងបានរៀបចំក្បួនព្យុហយាត្រាចំនួន ៣ លើក ដែលអាចនិយាយបានថា ជារឿងចម្លែកសម្រាប់ប្រទេសកូរ៉េខាងជើង៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: