សហរដ្ឋអាមេរិកប្រារព្ធខួបលើកទី២០ នៃការវាយប្រហារភេរវកម្ម ០៩/១១ ដែលឆក់យកជីវិតមនុស្ស ៣,០០០នាក់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួសធ្ងន់
- BY
- autoadmin
- September 11, 2021
ប្រជាជននៅអាមេរិកកំពុងប្រារព្ធខួបលើកទី២០ នៃការវាយប្រហារភេរវកម្ម ៩/១១ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅពេលដែលសមាជិកនៃក្រុមសកម្មប្រយុទ្ធអ៊ីស្លាមអាល់កៃដា បានប្លន់យន្តហោះដឹកអ្នកដំណើរចំនួន ៤ គ្រឿង។ ពលរដ្ឋរាប់ពាន់នាក់ត្រូវបានគេរំពឹងថា នឹងចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ នៅតាមទីតាំងកន្លែងកើតហេតុនៃការវាយប្រហារ នៅទីក្រុងញូវយ៉ក វ៉ាស៊ីនតោន និងផេនស៊ីលវេនៀ ហើយប្រធានាធិបតីលោក ចូ បៃដិន ក៏គ្រោងនឹងធ្វើទស្សនកិច្ចនៅទីតាំងទាំង ៣ ផងដែរ។

រំលឹកដែរថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមអាល់កៃដា បានបង្ហោះយន្ដហោះចំនួន ២គ្រឿង ចូលទៅក្នុងប៉មនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក និង ១ទៀត ចូលទៅក្នុងមន្ទីរបញ្ចកោណ។ ចំណែកឯយន្តហោះទី៤ បានធ្លាក់នៅវាលមួយ ក្នុងរដ្ឋ Pennsylvania បន្ទាប់ពីអ្នកដំណើរបានប្រតាយប្រតប់នឹងក្រុមចោរប្លន់។
ជាលទ្ធផលមានមនុស្សជិត ៣,០០០ នាក់ បានស្លាប់ រួមទាំងបុគ្គលិកការិយាល័យ មន្រ្តីប៉ូលីស និងអ្នកពន្លត់អគ្គីភ័យរាប់រយនាក់នៅទីក្រុងញូវយ៉ក ដែលពួកគេបានប្រញាប់ប្រញាល់ចូលទៅក្នុងប៉មដែលកំពុងឆេះ ដើម្បីជួយជនរងគ្រោះ ខណៈមនុស្សរាប់ពាន់នាក់ផ្សេងទៀតក៏បានរងរបួសធ្ងន់។ ការវាយប្រហារនេះហើយ ដែលបាននាំឱ្យប្រធានាធិបតីលោក George W. Bush ចាប់ផ្តើមសង្គ្រាមនៅអាហ្វហ្គានីស្ថាន៕



អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






