អន្តរជាតិ

ប្រទេសវៀតណាមបានអនុម័តឱ្យមានការប្រើប្រាស់លើវ៉ាក់សាំង Hayat Vax របស់ប្រទេសអារ៉ាប់រួម ដែលមានប្រសិទ្ធភាព ៧៩% ប្រឆាំងនឹងជំងឺកូវីដ១៩

BY
autoadmin
September 11, 2021

ប្រទេសវៀតណាមបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំង Hayat Vax ដែលផលិតនៅប្រទេសអារ៉ាប់រួម ហើយវ៉ាក់សាំងនេះមានប្រសិទ្ធភាព ៧៩% ប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងការសាកល្បងលើមនុស្សនាពេលកន្លងមក។ វាជាប្រភេទវ៉ាក់សាំងត្រូវការចាក់ ២ដង ហើយត្រូវមានគម្លាតចាក់ពីដូសទី១ រយៈពេល ១៤ថ្ងៃ។ ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា វ៉ាក់សាំង Hayat-Vax ត្រូវបានអនុម័តដោយផ្អែកលើឯកសារ ដែលបង្ហាញពីគុណភាព និងប្រសិទ្ធភាពរបស់វា ដែលបញ្ជូនដោយក្រុមហ៊ុន Vimedimex Pharmaceutical JSC របស់ប្រទេសវៀតណាម។

កន្លងមកក្រុមហ៊ុន Vimedimex Pharmaceutical JSC ត្រូវបានស្នើសុំឱ្យធ្វើការជាមួយទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីវាយតម្លៃស្តង់ដារសុវត្ថិភាពនៃវ៉ាក់សាំង និងគុណភាពនៃដូសនីមួយៗ នៅពេលនាំចូលទៅប្រទេសវៀតណាម។ ក្រុមហ៊ុន Vimedimex Pharmaceutical JSC ក៏នឹងទទួលខុសត្រូវក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាន ក៏ដូចជាសហការជាមួយអ្នកផលិតវ៉ាក់សាំង ដើម្បីទទួលបានវ៉ាក់សាំងតាមការបញ្ជារបស់ក្រសួង។

ក្រៅពី Hayat Vax វៀតណាមក៏បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៦ រួមមាន AstraZeneca, Pfizer, Moderna, Johnson & Johnson, Vero Cell និង Sputnik V ហើយវ៉ាក់សាំងចំនួន ៤ ដែលត្រូវបានបញ្ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការដោយឥតគិតថ្លៃគឺ AstraZeneca, Moderna, Pfizer និង Vero Cell ។ គិតមកទល់ពេលនេះ ពលរដ្ឋវៀតណាមជាង ២៤.៧៨ លាននាក់ បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ដោយមានពលរដ្ឋជាង ៤.១៨ លាននាក់បានទទួលទាំង ២ដូស៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: