អន្តរជាតិ

សាធារណរដ្ឋ​ឆេកទំនងត្រូវបោះចោលវ៉ាក់សាំង AstraZeneca មួយចំនួន ដោយសារតែមូលហេតុបែបនេះ

BY
autoadmin
September 13, 2021

ទីក្រុងប្រាករបស់សាធារណរដ្ឋ​ឆេក ប្រហែលជានឹងត្រូវបោះចោលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca រាប់ពាន់ដូស ក៏ព្រោះតែវ៉ាក់សាំងទាំងនោះត្រូវផុតកំណត់នៅខែក្រោយនេះ ខណៈតម្រូវការវ៉ាក់សាំងសម្រាប់ពលរដ្ឋដែលមានអាយុលើសពី ៦០ឆ្នាំ មានការថយចុះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន IROZHLAS បានរាយការណ៍ថា វ៉ាក់សាំងចំនួន ៥៥,០០០ ដូស ដែលផលិតដោយក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca នឹងផុតកំណត់នៅចុងខែតុលានេះ ខណៈដែល ១០,០០០ ដូស ក្នុងចំណោមវ៉ាក់សាំងទាំងនោះ ទំនងជានឹងត្រូវប្រើសម្រាប់ជាដូសទី២ ដល់អ្នកដែលមិនទាន់ទទួលបានវ៉ាក់សាំងពេញលេញ។

យ៉ាងណាក៏ដោយវ៉ាក់សាំងនេះនៅតែមិនសូវមានគេចង់បាននោះទេ ដោយសារភ័យខ្លាចហានិភ័យមួយចំនួន ដែលត្រូវបានគេរាយការណ៍នាពេលកន្លងមក ហើយបើយោងតាមទិន្នន័យដែលបានដកស្រង់នៅក្នុងរបាយការណ៍មួយបាននិយាយថា មានតែមនុស្សចំនួន ៣៦ នាក់ ប៉ុណ្ណោះដែលបានជ្រើសរើសថ្នាំ AstraZeneca សម្រាប់ការចាក់វ៉ាក់សាំងលើកដំបូងរបស់ពួកគេនៅក្នុងខែកញ្ញានេះ ហើយមនុស្សសរុបចំនួន ៧៧៤ នាក់ បានចាក់វ៉ាក់សាំងនេះពេញលេញ។

ចំណែកក្នុងអំឡុងខែកក្កដា និងសីហា មានតែពលរដ្ឋប្រមាណ ១,២០០ នាក់ នៃអ្នកដែលបានចាក់វ៉ាក់សាំងថ្មីៗប៉ុណ្ណោះ ដែលបានជ្រើសរើសវ៉ាក់សាំងរបស់ AstraZeneca ដែលជាចំណែកតូចមួយនៃប្រជាជន ៨៦០,០០០ នាក់ ដែលបានដាក់ពាក្យសុំចាក់ថ្នាំលើកដំបូងនៅក្នុងរយៈពេលនោះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ឆេកបានរាយការណ៍ថា វ៉ាក់សាំង AstraZeneca ជាង ១៤,០០០ ដូស ត្រូវបានគេបោះចោលក្នុងរយៈពេលមួយខែចុងក្រោយនេះ ដោយសារតែខ្វះការចាប់អារម្មណ៍ពីសាធារណជន៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: