អន្តរជាតិ

ការសិក្សាមួយរបស់អ៉ីស្រាអែលបានបង្ហាញថា វ៉ាក់សាំង Pfizer ដូសទី៣ បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ច្រើនជាង ១០ដង បើប្រៀបនឹងអ្នកទទួលវ៉ាក់សាំងតែ ២ដូស

BY
autoadmin
September 17, 2021

ការសិក្សាមួយរបស់ប្រទេសអ៉ីស្រាអែលបានបង្ហាញថា វ៉ាក់សាំង Pfizer ដូសទី៣ អាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ COVID-19 ច្រើនជាង ១០ដង នៅក្នុងចំណោមមនុស្សវ័យចំនាស់ ហើយការសិក្សានេះក៏ត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ New England Journal of Medicine កាលពីយប់ថ្ងៃពុធផងដែរ ដើម្បីឱ្យអ្នកស្រាវជ្រាវដទៃទៀតអាចពិនិត្យលើការសិក្សានេះបាន។ វាបានបង្ហាញថា អ្នកដែលទទួលវ៉ាក់សាំងដូសទី៣ មិនសូវមានហានិភ័យឈឺឆ្ងន់ធ្ងរនោះទេ បើប្រៀបធៀបទៅនឹងអ្នកដែលទទួលយកតែ ២ដង។ ការសិក្សានេះបានចុះផ្សាយឡើងភ្លាមៗ បន្ទាប់ពី FDA របស់សហរដ្ឋអាមេរិក នឹងត្រូវពិនិត្យមើលឡើងវិញថា តើដូសទី៣​ ពិតជាចាំបាច់ ឬទេ សម្រាប់ពលរដ្ឋអាមេរិក។

ការសិក្សានេះបានបញ្ជាក់ថា ចំនួននៃការឆ្លងជំងឺ COVID-19 នៅក្នុងចំណោមអ្នកទទួលវ៉ាក់សាំងដូសទី៣ បានចុះថយ ១១.៣% បើប្រៀបនឹងអ្នកដែលចាក់វ៉ាក់សាំងតែ ២លើក ហើយអត្រាឈឺធ្ងន់ធ្ងរក៏បានកាត់បន្ថយដល់ ១៩.៥%។ ការរកឃើញនេះគឺផ្អែកលើការពិនិត្យឡើងវិញនូវទិន្នន័យផ្លូវការ របស់ជនជាតិអ៊ីស្រាអែលប្រមាណ ១.១ លាននាក់ ដែលមានអាយុលើសពី ៦០ឆ្នាំ ដែលត្រូវបានបែងចែកជា ២ក្រុម គឺអ្នកដែលបានទទួលដូសទី៣ ក្នុងរយៈពេល ៥ ខែ បន្ទាប់ពីការចាក់លើកទី២ របស់ពួកគេ និងអ្នកដែលមិនបានទទួលសោះ។ វាក៏ស្របទៅនឹងការពិតដែលថា វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងចុះថយប្រសិទ្ធភាពនៅប៉ុន្មានខែបន្ទាប់ពីការចាក់ដូសទី២ ខណៈការបន្ថែមដូសទី៣ នឹងធ្វើឱ្យវ៉ាក់សាំងកើនប្រសិទ្ធភាពដល់ ៩៨%៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: