អន្តរជាតិ

បុរសជនជាតិជប៉ុនម្នាក់បានធ្វើអត្តឃាតខ្លួនពីខុនដូជាន់ទី១១ នៅឯទីក្រុងបាងកក បន្ទាប់ពីបានឆ្លងជំងឺកូវីដ១៩

BY
autoadmin
September 17, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា បុរសជនជាតិជប៉ុនម្នាក់បានលោតសម្លាប់ខ្លួនពីខុនដូជាន់ទី១១ របស់គាត់ នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ខណៈរូបគាត់ផ្ទាល់ក៏បានឆ្លងជំងឺ COVID-19 ផងដែរ។ បើយោងតាមមន្រ្តីប៉ូលីសប៉ុស្តិ៍ Klong Tan បានឱ្យដឹងថា មន្ត្រីបានដាក់ការសង្ស័យថា វាជាករណីធ្វើអត្តឃាត ចេញពីខុនដូមួយកន្លែង នៅឯតំបន់ Soi Ekamai 12 សង្កាត់ Watthana ។

មន្ត្រីបានរកឃើញសាកសពឈ្មោះ Yuki (ត្រកូលរបស់សាកសព) ជាជនជាតិជប៉ុន អាយុ ៣៥ឆ្នាំ ដេកស្លាប់នៅសួនច្បារខាងមុខខុនដូ ដោយបានបាក់ដៃខាងស្តាំ ហើយរាងកាយត្រូវបានខូចទ្រង់ទ្រាយ ដោយសារការលោតពីអគារកម្ពស់ច្រើនជាន់នេះ។ មន្ត្រីបានធ្វើតេស្តរកជំងឺ COVID-19 ពីសាកសព តាមរយៈការតេស្ត swab ហើយបានរកឃើញថា សាកសពបានឆ្លងជំងឺ COVID-19 ។​ ប្រភពបាននិយាយថា បន្ទប់របស់សាកសពបានចាក់សោរពីខាងក្នុង ដូច្នេះហើយទើបគេសង្ស័យថា វាជាករណីធ្វើអត្តឃាត ហើយសាកសពត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Chulalongkorn ដើម្បីធ្វើកោសល្យវិច័យផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: