អន្តរជាតិ

ក្រុមប្រឹក្សារបស់ FDA បានណែនាំឱ្យមានការប្រើប្រាស់វ៉ាក់សាំង Pfizer ដូសទី៣ លើមនុស្សវ័យ ៦៥ ឆ្នាំឡើងទៅ ប៉ុន្តែមិនណែនាំឱ្យប្រើប្រាស់លើមនុស្សអាយុចាប់ពី ១៦ ឆ្នាំនោះទេ

BY
autoadmin
September 18, 2021

ក្រុមប្រឹក្សាមួយដែលផ្តល់ប្រឹក្សាដល់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានណែនាំឱ្យមានការប្រើប្រាស់វ៉ាក់សាំងដូសទី៣ របស់ Pfizer សម្រាប់មនុស្សអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ និងអ្នកដែលមានហានិភ័យខ្ពស់។ ប៉ុន្តែពួកគេបានបោះឆ្នោតប្រឆាំងការណែនាំ ចំពោះការប្រើប្រាស់ដូសទី៣ លើមនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ លទ្ធផលនេះនឹងប៉ះពាល់ដល់ការសម្រេចរបស់ប្រធានាធិបតីលោក ចូ បៃដិន ដែលបាននិយាយថា ដូសទី៣ នឹងមានឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយ ប្រសិនបើមានការយល់ព្រមពី FDA ។

គណៈកម្មាធិការប្រឹក្សាវិទ្យាសាស្ត្ររបស់ FDA បានបោះឆ្នោត ១៦ ទល់នឹង ៣ ប្រឆាំងនឹងដូសទី៣ សម្រាប់អ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ហើយមានអ្នកវិទ្យាសាស្ត្រជាច្រើនយល់ថា ដូសទី៣ មិនធ្វើឱ្យមានភាពខុសគ្នាខ្លាំង នៅក្នុងអំឡុងពេលមានជំងឺរាតត្បាត COVID-19 នេះទេ។ វ៉ាក់សាំងដូសទី៣ របស់ Pfizer ត្រូវបានអនុម័តរួចហើយ សម្រាប់អ្នកដែលមានប្រព័ន្ធការពារខ្សោយ ហើយបើយោងតាមទិន្នន័យរបស់ CDC ប្រជាជនជិត ២ លាននាក់ បានទទួលថ្នាំបង្ការលើកទី៣ រួចទៅហើយ ចាប់តាំងពីពាក់កណ្តាលខែសីហា។ ឥឡូវនេះខាងសេតវិមានមិនទាន់មានការឆ្លើយតបជាមួយក្រុមប្រឹក្សានៅឡើយទេ ហើយក៏មិនដឹងថា ពួកគេនឹងចាត់វិធានការបែបណាបន្ទាប់ទៀតដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: