អន្តរជាតិ

យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយនៅទីក្រុង Perm របស់ប្រទេសរុស្ស៊ី

BY
autoadmin
September 20, 2021

គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ីបាននិយាយថា មានមនុស្សយ៉ាងតិច ៨ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារនៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុង Perm នៅថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។ តាមប្រភពបាននិយាយថា ជនសង្ស័យម្នាក់បានចូលទៅក្នុងបរិវេណសាកលវិទ្យាល័យ Perm State ប្រដាប់ដោយអាវុធ ហើយបានបើកការបាញ់ប្រហារនៅព្រឹកថ្ងៃច័ន្ទនេះផ្ទាល់។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានឱ្យដឹងថា និស្សិត និងគ្រូបង្រៀនមួយចំនួន បានចាក់សោរខ្លួនឯងនៅក្នុងថ្នាក់រៀននៅអំឡុងពេលការបាញ់ប្រហារនោះ។

គណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា ជនសង្ស័យម្នាក់នៅក្នុងការបាញ់ប្រហារនេះត្រូវបានចាប់ខ្លួន និងមានការរងរបួសផងដែរ បន្ទាប់ពីបានប្រតាយប្រតប់ជាមួយនឹងមន្រ្តីអនុវត្តច្បាប់។ គាត់ត្រូវបានគេកំណត់អត្តសញ្ញាណថា ជានិស្សិតប្រុសម្នាក់ទោះបីជាវាមិនច្បាស់ភ្លាមៗថា តើគាត់ជានិស្សិតនៅសាកលវិទ្យាល័យ Perm State ឬយ៉ាងណាទេ។ គណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា៖«ទិន្នន័យពិតប្រាកដស្តីពីអ្នកស្លាប់ និងរបួសកំពុងត្រូវបានបំភ្លឺ» ខណៈការស៊ើបអង្កេតឃាតកម្មព្រហ្មទណ្ឌត្រូវបានចាប់ផ្ដើម៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: