រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានអនុញ្ញាតជាបន្ទាន់លើវ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Pfizer-BioNTech
- BY
- autoadmin
- September 23, 2021
រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានចេញការអនុញ្ញាតជាបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ របស់ក្រុមហ៊ុន Pfizer-BioNTech ហើយអ្នកដែលមានសិទ្ធិទទួលបានដូសទី៣ ត្រូវតែមានអាយុចាប់ពី ៦៥ឆ្នាំ ឬអ្នកដែលមានអាយុ ១៨ ឆ្នាំឡើងទៅ ដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ឬប្រឈមនឹងជំងឺ COVID-19 ជាប្រចាំ។ ជម្រាបផងដែរថា រដ្ឋាភិបាលអាមេរិកបានប្រកាសពីផែនការកាលពីខែមុនថា ពួកគេនឹងចាប់ផ្តើមយុទ្ធនាចាក់វ៉ាក់សាំងដូសទី៣ ដោយនិយាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ទំនងជាថយចុះទៅតាមពេលវេលា។

កាលពីសប្តាហ៍មុនក្រុមអ្នកជំនាញរបស់ FDA បានណែនាំឱ្យមានការប្រើវ៉ាក់សាំងដូសទី៣ លើមនុស្សចាស់ និងក្រុមដែលមានហានិភ័យខ្ពស់ ដោយផ្អែកលើអត្ថប្រយោជន៍ច្រើនជាងហានិភ័យរបស់វ៉ាក់សាំង ហើយក្រុមដែលមានហានិភ័យខ្ពស់ រួមមានបុគ្គលិកថែទាំសុខភាព ដែលពួកគេគួរតែទទួលបានវ៉ាក់សាំងដូសទី៣នេះ។ FDA បានបន្ថែមថា វ៉ាក់សាំងបង្ការដូសទី៣ នឹងត្រូវបានផ្ដល់ជូនពលរដ្ឋដែលបានចាក់វ៉ាក់សាំង Pfizer យ៉ាងហោចណាស់ ៦ខែ ពីការចាក់លើកទី២ របស់ពួកគេ។ រំលឹកដែរថា FDA ក៏ទើបតែបានផ្តល់ការយល់ព្រមពេញលេញដល់ Pfizer ហើយការអនុញ្ញាតឱ្យប្រើគ្រាអាសន្នលើដូសទី៣ នឹងអនុញ្ញាតឱ្យវាអាចប្រើបានក្នុងពេលមានអាសន្នសុខភាពសាធារណៈ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






