ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកបានយល់ព្រមឱ្យប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei គឺលោកស្រី ម៉េង វ៉ាន់ចូវ អាចត្រឡប់ទៅប្រទេសចិនវិញបាន

    BY autoadmin September 25, 2021
    សហរដ្ឋអាមេរិកបានយល់ព្រមឱ្យប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei គឺលោកស្រី ម៉េង វ៉ាន់ចូវ អាចត្រឡប់ទៅប្រទេសចិនវិញបាន

    សហរដ្ឋអាមេរិកបានយល់ព្រមអនុញ្ញាតឱ្យនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺលោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ឱ្យត្រឡប់ទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីលោកស្រីត្រូវបានឃាត់ខ្លួននៅឯប្រទេសកាណាដាអស់រយៈពេល ៣ឆ្នាំ កន្លងមកនេះ។ រំលឹកដែរថា ប្រធានផ្នែកហិរញ្ញវត្ថុរូបនេះ ត្រូវបានឃុំខ្លួនតាមការស្នើសុំរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០១៨ ហើយក្រោយៗមកទៀត លោកស្រីបានរងការចោទប្រកាន់ជាបន្ដបន្ទាប់ ដោយរួមទាំងការឆបោកផងដែរ។ យោងតាមកាសែតអាមេរិក The Wall Street Journal និងទូរទស្សន៍សាធារណៈកាណាដា CBC បាននិយាយថា ឥឡូវនេះក្រសួងយុត្តិធម៌អាមេរិកបានធ្វើកិច្ចព្រមព្រៀងមួយ សម្រាប់ការវិលត្រឡប់របស់លោកស្រី ម៉េង ទៅកាន់ប្រទេសកំណើតគាត់វិញ។

    ប្រភពព័ត៌មានបាននិយាយថា លោកស្រី ម៉េង វ៉ាន់ចូវ ត្រូវតែសារភាពចំពោះអំពើខុសឆ្គងមួយចំនួនរបស់គាត់ ដើម្បីជាថ្នូរនឹងការពន្យារពេល និងរំសាយការចោទប្រកាន់ពីបទឆបោករបស់ព្រះរាជអាជ្ញា។ ការពិតទៅលោកស្រី ម៉េង ត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែចាប់តាំងពីពេលនោះមក លោកស្រីបានស្នាក់នៅផ្ទះមួយនៅទីក្រុង Vancouver ក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីអាជ្ញាធរ។ តុលាការកាណាដាត្រូវបានគេរំពឹងថា នឹងកំណត់កាលបរិច្ឆេទនៅខែក្រោយនេះ សម្រាប់ការប្រគល់សេចក្តីសម្រេច ថាតើលោកស្រី ម៉េង គួរតែត្រូវធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក ឬយ៉ាងណា។

    របាយការណ៍បាននិយាយថា ជនជាតិកាណាដា ២នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិនភ្លាមៗ បន្ទាប់ពីការឃុំខ្លួនរបស់លោកស្រី ម៉េង ឥឡូវនេះក៏ត្រូវបានគេដោះលែងវិញផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ភាពល្អក់កកររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ទំនងជាមិនសាបសូន្យត្រឹមនេះឡើយ ខណៈដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅតែចាត់ទុកក្រុមហ៊ុន Huawei ជាការគំរាមកំហែងផ្នែកសន្តិសុខ ហើយកំពុងរឹតបន្តឹងបទបញ្ជាប្រឆាំងនឹងក្រុមហ៊ុននេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: