លោកស្រី គីម យ៉ូចុង ត្រូវបានតែងតាំងជាសមាជិកគណៈកម្មការកិច្ចការរដ្ឋ ដែលជាអ្នកដើរតួដ៏សំខាន់នៅក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក
- BY
- autoadmin
- September 30, 2021
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា លោកស្រី គីម យ៉ូចុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំលោក គីម ជុងអ៊ុន ត្រូវបានតែងតាំងជាសមាជិកគណៈកម្មការកិច្ចការរដ្ឋ (SAC) ដែលជាស្ថាប័នកំពូលរបស់ប្រទេសកូរ៉េខាងជើង នៅក្នុងការរុះរើក្នុងចំនួនច្រើនមួយដែលត្រូវបានអនុម័តដោយសភា។ យ៉ាងណាក៏ដោយ ពុំមាននរណាម្នាក់ដែលជាសមាជិកគណៈកម្មការត្រូវបានបណ្តេញចេញនោះឡើយ ហើយគណៈកម្មការនេះ គឺជាអ្នកដើរតួយ៉ាងសំខាន់ នៅក្នុងការចរចាជាមួយសហរដ្ឋអាមេរិក។

ជម្រាបផងដែរថា ជារឿយៗលោកស្រី គីម យ៉ូចុង តែងតែនៅក្បែរបងប្រុសរបស់គាត់ រួមទាំងនៅឯកិច្ចប្រជុំកំពូលរបស់លោក គីម ជុងអ៊ុន ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ។ តួនាទីនៅក្នុងឆាកនយោបាយរបស់លោកស្រីនាពេលបច្ចុប្បន្ននេះ តែងតែត្រូវបានគេចាប់អារម្មណ៍ រហូតដល់មានអ្នកខ្លះយល់ថា លោកស្រីអាចនឹងក្លាយជាអ្នកដឹកនាំប្រទេសកូរ៉េខាងជើង បន្ទាប់ពីបងប្រុសរបស់លោកស្រី។ ឋានៈផ្លូវការរបស់លោកស្រីបានកើនឡើង និងធ្លាក់ចុះតាមពេលវេលា ប៉ុន្តែតំណែងថ្មីរបស់លោកស្រីជាសមាជិក SAC មួយនេះ គឺជាមុខតំណែងជាន់ខ្ពស់បំផុតដែលលោកស្រីធ្លាប់បានទទួល៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






