អន្តរជាតិ

ការសិក្សាពីសាកលវិទ្យាល័យ Oxford និង NIHR បានរកឃើញថា ៣៧% នៃអ្នកជំងឺកូវីដ១៩ អាចនឹងមានរោគសញ្ញារយៈពេលវែងយ៉ាងហោចណាស់ ១ បន្ទាប់ពីបានជាសះស្បើយពីជំងឺនេះ

BY
autoadmin
September 30, 2021

យោងតាមការស្រាវជ្រាវដ៏ធំមួយពីសាកលវិទ្យាល័យ Oxford និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាព NIHR បានបង្ហាញថា យ៉ាងហោចណាស់ ៣៧% នៃអ្នកដែលកើតជំងឺ COVID-19 នឹងមានរោគសញ្ញារយៈពេលវែងពី ៣ ទៅ ៦ ខែ បន្ទាប់ពីពួកគេបានឆ្លងជំងឺនេះ។ រោគសញ្ញាទូទៅបំផុតរួមមាន៖ បញ្ហាដកដង្ហើម អស់កម្លាំង ឈឺចាប់ និងថប់បារម្ភ ដែលរោគសញ្ញាទាំងអស់នេះ ត្រូវបានរកឃើញពីការសិក្សាលើមនុស្សជាង ២៧០,០០០ នាក់ ដែលបានជាសះស្បើយពីជំងឺ COVID-19 ។ ប្រភពបាននិយាយថា ភាគច្រើនវានឹងកើតមានលើអ្នកដែលឆ្លងជំងឺ COVID-19 កម្រិតធ្ងន់ធ្ងរ ហើយជាពិសេសគឺស្ត្រីតែម្ដង។

យ៉ាងណាក៏ដោយ ការស្រាវជ្រាវនេះមិនបានផ្តល់នូវមូលហេតុលម្អិតនៃរោគសញ្ញា ភាពធ្ងន់ធ្ងររបស់រោគសញ្ញា ឬថា វាមានរយៈពេលប៉ុន្មានឱ្យជាក់លាក់នោះឡើយ ប៉ុន្ដែដឹងត្រឹមថាមនុស្សចាស់ និងបុរស មានការពិបាកដកដង្ហើម និងបញ្ហានៃការចងចាំ រីឯមនុស្សវ័យក្មេង និងស្ត្រី មានអាការៈឈឺក្បាល រោគសញ្ញាទាក់ទងនឹងគ្រឿងក្នុង និងការថប់បារម្ភ ឬការបាក់ទឹកចិត្ត។

សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Oxford គឺលោក Paul Harrison ដែលដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា៖«យើងត្រូវការកំណត់ពីរបៀបដែលរោគសញ្ញាផ្សេងៗអាចនៅមានក្នុងខ្លួន ដែលវាអាចរំខានដល់អ្នកនៅរស់រានមានជីវិត»។ លោក Harrison បានបន្ថែមថា៖«ព័ត៌មាននេះនឹងមានសារៈសំខាន់យ៉ាងខ្លាំង ប្រសិនបើផលវិបាកសុខភាពរយៈពេលវែងនៃជំងឺ COVID-19 ត្រូវការការពារ ឬព្យាបាលប្រកបដោយប្រសិទ្ធភាព»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: