រដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក គ្រោងនឹងដាក់កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំពោះសិស្សសាលានៅឆ្នាំក្រោយនេះ
- BY
- autoadmin
- October 2, 2021
រដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក មានគម្រោងដាក់ការចាក់បង្ការជំងឺ COVID-19 ជាកាតព្វកិច្ចរបស់សិស្ស ដើម្បីឱ្យពួកគេបានត្រឡប់មករៀនដោយផ្ទាល់ប្រកបដោយសុវត្ថិភាព។ អភិបាលរដ្ឋគឺលោក Gavin Newsom បាននិយាយកាលពីថ្ងៃសុក្រថា កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងត្រូវបានអនុវត្តជាដំណាក់កាល ក្រោយពេលដែល FDA នឹងយល់ព្រមពេញលេញលើការចាក់វ៉ាក់សាំងសម្រាប់កុមារ។ ពោលគឺឥឡូវនេះ FDA ទើបតែបានយល់ព្រមពេញលេញលើការចាក់វ៉ាក់សាំងចំពោះមនុស្សអាយុចាប់ពី ១៦ ឆ្នាំប៉ុណ្ណោះ។

ចំណែកឯការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ក្មេងៗអាយុ ១២ ទៅ ១៥ឆ្នាំ គឺស្ថិតនៅក្រោមការយល់ព្រមក្នុងស្ថានភាពបន្ទាន់ ហើយកុមារអាយុក្រោម ១២ឆ្នាំ គឺកំពុងស្ថិតនៅក្រោមការធ្វើតេស្ដសាកល្បងនៅឡើយ។
ប្រសិនបើលទ្ធផលពី FDA ចេញមកនៅខែមករា កាតព្វកិច្ចចាក់វ៉ាក់សាំងនេះត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅខែកក្កដា សម្រាប់សិស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ និងនៅពេលក្រោយសម្រាប់សិស្សអាយុក្រោម ១២ ឆ្នាំ។ រដ្ឋកាលីហ្វ័រញ៉ាក៏បានដាក់កាតព្វកិច្ចចាក់វ៉ាក់សាំងឱ្យគ្រូបង្រៀន និងបុគ្គលិករួចហើយដែរ ដើម្បីទទួលវ៉ាក់សាំងបង្ការ ឬឆ្លងកាត់ការធ្វើតេស្តប្រចាំសប្តាហ៍។ ចំណែកឯការផ្លាស់ប្តូររបស់រដ្ឋកាលីហ្វ័រញ៉ានេះ ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ការសម្រេចចិត្តរបស់រដ្ឋផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






