ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះឯកជនមួយគ្រឿង បានធ្លាក់នៅទីក្រុងមីឡានរបស់ប្រទេសអ៊ីតាលី និងបានឆក់យកជីវិតមនុស្សទាំងអស់ ៨នាក់ នៅលើយន្ដហោះ

    BY autoadmin October 4, 2021
    យន្តហោះឯកជនមួយគ្រឿង បានធ្លាក់នៅទីក្រុងមីឡានរបស់ប្រទេសអ៊ីតាលី និងបានឆក់យកជីវិតមនុស្សទាំងអស់ ៨នាក់ នៅលើយន្ដហោះ

    អ៊ីតាលី៖ យន្តហោះឯកជនមួយគ្រឿងម៉ូដែល Pilatus PC-12 បានធ្លាក់ចូលទៅក្នុងប្លុកការិយាល័យមួយ នៅឯភាគខាងជើងទីក្រុងមីឡាន របស់ប្រទេសអ៊ីតាលី ដោយបានសម្លាប់មនុស្សទាំងអស់ចំនួន ៨ នាក់ នៅលើយន្តហោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា យន្ដហោះនោះបានធ្វើដំណើរឆ្ពោះទៅកោះសាឌីនៀ និងបានធ្លាក់បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Linate ។ ចំណែកឯអ្នកបើកយន្ដហោះ គឺជាមហាសេដ្ឋីរ៉ូម៉ានីម្នាក់ឈ្មោះថា Dan Petrescu ដែលមានអាយុ ៦៨ឆ្នាំ ខណៈប្រពន្ធ និងកូនប្រុសរបស់គាត់ សុទ្ធតែបានស្លាប់នៅក្នុងឧបទ្ទវហេតុនោះទាំងអស់។

    ឧបទ្ទវហេតុនោះបានបំផ្លាញប្លុកការិយាល័យ និងធ្វើឱ្យឆាបឆេះរថយន្តចតចោលជាច្រើនគ្រឿង ប៉ុន្តែគ្មាននរណាម្នាក់ដែលនៅលើដីបានរងរបួសនោះទេ។ សាក្សីខ្លះបាននិយាយថា យន្ដហោះនោះបានឆាបឆេះមុនពេលធ្លាក់ ហើយក៏បានផ្ទុះឆេះឡើងនៅពេលដែលវាធ្លាក់ដល់ដី។ ឥឡូវនេះការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះនោះ ក៏ត្រូវបានចាប់ផ្តើមផងដែរ។ គួរឱ្យដឹងដែរថា លោក Dan Petrescu គឺជាអ្នកអភិវឌ្ឍអចលនទ្រព្យម្នាក់ និងជាបុរសម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅរ៉ូម៉ានី។ ក្រៅពីរូបគាត់ ប្រពន្ធ និងកូនប្រុសរបស់គាត់ ក៏នៅមានក្មេងម្នាក់ផ្សេងទៀត ដែលស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: