ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រកាសថានឹងចូលនិវត្តន៍ពីឆាកនយោបាយ ហើយមិនបន្ដឈរឈ្មោះជាអនុប្រធានាធិបតីនៅឆ្នាំក្រោយទេ

    BY autoadmin October 4, 2021
    ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រកាសថានឹងចូលនិវត្តន៍ពីឆាកនយោបាយ ហើយមិនបន្ដឈរឈ្មោះជាអនុប្រធានាធិបតីនៅឆ្នាំក្រោយទេ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសថានឹងចូលនិវត្តន៍ពីឆាកនយោបាយ ហើយលោកក៏នឹងមិនឈរឈ្មោះក្នុងតំណែងណាមួយ នៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយនោះឡើយ។ គួររំលឹកផងដែរថា មេដឹកនាំវ័យ ៧៦ ឆ្នាំរូបនេះ កាលពីខែមុនបាននិយាយថា លោកនឹងឈរឈ្មោះជាអនុប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ២០២២ ដោយសាររដ្ឋធម្មនុញ្ញរបស់ប្រទេសហ្វីលីពីន អនុញ្ញាតឱ្យប្រធានាធិបតីកាន់តំណែងតែ ១ អាណត្តិ ដែលមានរយៈពេល ៦ឆ្នាំ ប៉ុណ្ណោះ។ ប៉ុន្តែម្ដងនេះគាត់បាននិយាយថា គាត់នឹងដកខ្លួនចេញពីនយោបាយ ព្រោះថា គាត់មិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រជាជនហ្វីលីពីទេ។

    លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ធ្លាប់ជាតួអង្គ «បុរសខ្លាំង» ដែលបានសន្យាថា លោកនឹងកាត់បន្ថយឧក្រិដ្ឋកម្ម និងដោះស្រាយបញ្ហាវិបត្តិគ្រឿងញៀន នៅពេលដែលលោកបានកាន់តំណែងកាលពីឆ្នាំ២០១៦។ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ក្នុងរយៈពេល ៥ឆ្នាំ ដែលលោកបានកាន់អំណាច លោក ឌូតឺតេ បានលើកទឹកចិត្តដល់ប៉ូលីស ក្នុងការសម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការរាប់ពាន់នាក់ នៅក្នុងអ្វីដែលលោកហៅថា «សង្គ្រាមប្រឆាំងគ្រឿងញៀន»។

    យោងតាមអង្គការសិទ្ធិមនុស្ស Amnesty International បានឱ្យដឹងថា មានមនុស្សជាង ៧,០០០ នាក់ ត្រូវបានសម្លាប់ដោយប៉ូលីស ឬជនប្រដាប់អាវុធ ក្នុងរយៈពេល ៦ ខែដំបូង នៃការកាន់តំណែងរបស់លោក ឌូតឺតេ។ កាលពីខែមិថុនា ព្រះរាជអាជ្ញារបស់ ICC បានបើកការស៊ើបអង្កេតពេញលេញមួយ ស្តីពីការសម្លាប់នៅក្នុងសង្រ្គាមគ្រឿងញៀនរបស់ហ្វីលីពីន ដោយដាក់ការសង្ស័យថា វាមានពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ជាមួយគ្នានេះដែរ កូនស្រីរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ គឺលោកស្រី Sara Duterte-Carpio ដែលជាចៅហ្វាយក្រុង Davao ក៏ត្រូវបានគេរំពឹងថា នឹងឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំក្រោយនេះដែរ ហើយលោកស្រីក៏ទំនងជានឹងការពារក្ដីឱ្យឪពុក ប្រសិនបើលោកស្រីជាប់ជាប្រធានាធិបតីថ្មីរបស់ប្រទេសហ្វីលីពីន៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: