ចំនួនមរណភាពដោយសារជំងឺកូវីដ១៩ នៅប្រទេសប្រេស៊ីលបានកើនដល់ ៦០០,០០០ ករណី ខណៈវ៉ារ៉្យង់ Delta កំពុងវាយប្រហារយ៉ាងខ្លាំងនៅក្នុងទីក្រុងជាប់ឆ្នេរសមុទ្ររបស់ខ្លួន
- BY
- autoadmin
- October 9, 2021
អាជ្ញាធរសុខាភិបាលប្រទេសប្រេស៊ីលបានរាយការណ៍នៅថ្ងៃសុក្រនេះថា ការស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសរបស់ពួកគេ បានកើនឡើងដល់ ៦០០,៤២៥ ករណី បើទោះបីជាប្រទេសនេះបានមើលឃើញពីការធ្លាក់ចុះនៃការស្លាប់ដោយសារជំងឺ COVID-19 ក៏ដោយ។ ជាមួយគ្នានេះដែរ មានក្រុមពលរដ្ឋជាច្រើននាក់បានមកចូលរួមប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានស្លាប់ ដោយពួកគេបានចងក្រណាត់សនៅឯឆ្នេរសមុទ្ររបស់ទីក្រុង Rio de Janeiro ចំនួន ៦០០ក្រណាត់ ដើម្បីជាទុកជាការចងចាំដល់ជនរងគ្រោះ ហើយក៏មានអ្នកខ្លះទៀតបានធ្វើការតវ៉ាទ្រង់ទ្រាយតូចមួយ ដោយបានលើកឡើងពីការឆ្លើយតបមិនគ្រប់គ្រាន់របស់រដ្ឋាភិបាលប្រេស៊ីល។

ជម្រាបផងដែរថា ការពិតទៅការស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសប្រេស៊ីល បានធ្លាក់ចុះនាពេលថ្មីៗនេះ ដោយមានអ្នកស្លាប់ជាង ១៦,០០០ នាក់ប៉ុណ្ណោះ នៅក្នុងខែកញ្ញាកន្លងទៅ។ ពោលគឺត្រឹមតែ ១ ភាគ ៥ បើប្រៀបធៀបនឹងខែមេសា នៅពេលដែលប្រទេសនេះប្រឈមនឹងតួលេខស្លាប់ច្រើនបំផុត។ ឥឡូវនេះការរឹតត្បឹតនៅទីក្រុង Rio de Janeiro ក៏ត្រូវបានបន្ធូរបន្ថយភាគច្រើនផងដែរ ស្របពេលដែលទីក្រុងនេះគ្រោងនឹងរៀបចំការប្រារព្ធពិធីបុណ្យប្រចាំឆ្នាំរបស់ខ្លួន នៅខែកុម្ភៈដើមឆ្នាំក្រោយនេះ។
ចំណែកនៅតាមពហុកីឡាដ្ឋានបាល់ទាត់ ក៏បានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បឹតលើអ្នកចូលទស្សនាដូចគ្នា ប៉ុន្តែអ្នកជំនាញសុខភាពនៅតែមានការព្រួយបារម្ភចំពោះការបន្ធូរបន្ថយក្នុងចំនួនច្រើនបែបនេះ ដោយសារថា ជំងឺ COVID-19 វ៉ារ្យ៉ង់ Delta កំពុងចាប់ផ្ដើមបង្កើនសន្ទុះឆ្លងថ្មីៗដល់ប្រទេសនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






