អន្តរជាតិ

ប្រទេសចិនបានអនុវត្តការហាមឃាត់ក្មេងអាយុក្រោម ១៨ឆ្នាំ មិនឱ្យពួកគេលេងហ្គេមអនឡាញលើសពី ៣ម៉ោង ក្នុងមួយសប្ដាហ៍នោះទេ

BY
autoadmin
October 11, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសចិនកំពុងអនុវត្តច្បាប់ថ្មីមួយ ដែលហាមឃាត់ក្មេងអាយុក្រោម ១៨ឆ្នាំ មិនឱ្យលេងវីដេអូហ្គេមលើសពី ៣ ម៉ោង ក្នុងមួយសប្ដាហ៍នោះទេ នៅក្នុងអ្វីដែលខ្លួនហៅថា ជាការកាត់ផ្ដាច់ការញៀនលេងហ្គេមរបស់ក្មេងៗ ប៉ុន្តែក្រុមអ្នកលេងហ្គេមអនឡាយមួយចំនួន ពិសេសពី Streamer មិនសប្បាយចិត្តចំពោះការអនុវត្តនេះទេ។ ការពិតទៅច្បាប់នេះត្រូវបានដាក់ចេញកាលពីខែសីហាមកម្ល៉េះ ខណៈបណ្ដាញផ្សព្វផ្សាយយក្សមួយបាននិយាយថា វានៅតែមានចន្លោះប្រហោង ហើយគួរតែលុបភាពចន្លោះប្រហោងនោះចេញ។

កាសែត People’s Daily បាននិយាយថា បណ្ដាញដោះដូរហ្គេមអនឡាញជាច្រើនបានប្រើវិធីសាស្ត្រដូចជា ការជួលគណនី និង ការលក់ជាដើម ដែលធ្វើឱ្យក្មេងៗអាចទិញ ហើយចូលលេងហ្គេមបានដោយសេរី ដោយមិនចាំបាច់ភ័យខ្លាចការរឹតត្បឹតដោយសារពួកគេមិនគ្រប់អាយុនោះទេ។ ថ្វីបើមានបណ្ដាញជួញដូរហ្គេមមួយចំនួនបាននិយថា ពួកគេបានធ្វើការទប់ស្កាត់ចរាចរបែបនេះក៏ដោយ ក៏កាសែតដ៏ធំបំផុតរបស់ប្រទេសចិនមួយនេះនៅតែអំពាវបាវឱ្យម្ចាស់អាជីវកម្មទាំងនោះមានការទទួលខុសត្រូវ និងគិតគូដល់ក្មេងៗជំនាន់ក្រោយ ដើម្បីឱ្យពួកគេមានកំណើនសុខភាពល្អ និងការលើកស្ទួយសុខភាពរបស់ពួកគេ។

គ្រួសារ និងសាលារៀន ក៏ត្រូវបានជំរុញឱ្យបង្កើតបរិយាកាសអំណោយផលសម្រាប់ការលូតលាស់របស់អនីតិជន ជាពិសេសឪពុកម្តាយ ដោយសារអនីតិជនខ្លះប្រើអត្តសញ្ញាណរបស់ឪពុកម្តាយខ្លួន ដើម្បីចុះឈ្មោះគណនីហ្គេម ដែលធ្វើឱ្យការអនុវត្តពេលវេលានៃការលេងហ្គេមគ្មានប្រសិទ្ធភាព។ អាជ្ញាធរនៅក្នុងប្រទេសចិន ដែលជាទីផ្សារហ្គេមវីដេអូធំបំផុតរបស់ពិភពលោក មានការព្រួយបារម្ភអស់រយៈពេលជាច្រើនឆ្នាំមកហើយ អំពីការញៀននឹងការលេងហ្គេម និងអ៊ិនធើណិត នៅក្នុងចំណោមមនុស្សវ័យក្មេង ដោយបានបង្កើតគ្លីនិក ដែលរួមបញ្ចូលការព្យាបាល និងការប្រយុទ្ធប្រឆាំងជាមួយអ្នកមាន «បញ្ហាញៀនល្បែង»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: