មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យមន្ត្រីក្រោមបង្គាប់មើលពីជីវភាពរបស់ប្រជាជន ខណៈប្រទេសទាំងមូលកំពុងមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់
- BY
- autoadmin
- October 11, 2021
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំរុញឱ្យមន្រ្តីនៅក្រោមបង្គាប់ ត្រូវផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់ប្រជាជន ខណៈស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ។ ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា លោក គីម បានធ្វើការអំពាវនាវបែបនេះនៅថ្ងៃខួបលើកទី៧៦ នៃការបង្កើតគណបក្សពលករកូរ៉េ ដែលប្រារព្ធឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ លោក គីម បានវិភាគទៅលើភាពលំបាករបស់ពលរដ្ឋ និងបានអំពាវនាវឱ្យមានការឯកភាពជាតិតែមួយ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលកំពុងមានស្ថានភាពមិនល្អស្រាប់។

ក្រុមអ្នកវិភាគនិយាយថា លោក គីម កំពុងប្រឈមមុខនឹងពេលវេលាដ៏លំបាកបំផុតនៃការកាន់អំណាចជិត ១០ ឆ្នាំរបស់គាត់ ដោយសារគាត់បានបរាជ័យក្នុងការយកឈ្នះឱ្យបាននូវការបន្ធូរបន្ថយទណ្ឌកម្ម នៅក្នុងកិច្ចប្រជុំកំពូលរបស់គាត់ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៨ និង ២០១៩ បន្ទាប់មកគឺការបិទព្រំដែនប្រទេសកូរ៉េខាងជើងទាំងមូល នៅចំពេលមានជំងឺរាតត្បាត COVID-19 ដែលបង្កឱ្យសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន និងទណ្ឌកម្មជាច្រើនទសវត្សមកហើយ ចំពោះការហាមឃាត់កម្មវិធីអាវុធនុយក្លេអ៊ែរ និងអាវុធរបស់ខ្លួន។
ក្រៅពីបញ្ហាទាំងអស់នោះហើយ ប្រទេសនេះក៏បានរងគ្រោះជាមួយគ្រោះធម្មជាតិជាបន្ដបន្ទាប់ ដោយជាក់ស្ដែងអង្គការសហប្រជាជាតិក៏ទើបតែបានព្រមានផងដែរថា ពលរដ្ឋដែលនៅតំបន់ងាយរងគ្រោះនឹងប្រឈមជាមួយភាពអត់ឃ្លានបន្ថែមទៀត។ ប៉ុន្តែទោះជាមានបញ្ហាច្រើនបែបនេះក្ដី ប្រទេសកូរ៉េខាងជើងនារយៈពេលចុងក្រោយនេះ គឺនៅតែមិនព្រមចចារជាមួយសហរដ្ឋអាមេរិកនោះឡើយ ដោយបានទាមទារឱ្យអាមេរិកបោះចោលទណ្ឌកម្ម និងសមយុទ្ធរួមគ្នាជាមួយប្រទេសកូរ៉េខាងត្បូង៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






