អន្តរជាតិ

សត្វឆ្កែ និងឆ្មា ១៤ ក្បាលត្រូវបានអាជ្ញាធរវៀតណាមសម្លាប់ ក្រោយពិនិត្យឃើញម្ចាស់វិជ្ជមានកូវីដពេលកំពុងធ្វើចត្តាឡីស័ក ដើម្បីបង្ការការចម្លង ឥលូវនេះកំពុងទទួលបានការរិះគន់ជាខ្លាំង

BY
autoadmin
October 11, 2021

វៀតណាម៖ ប៉ុន្មានរយៈចុងក្រោយនេះគេឃើញថា នៅក្នុងបណ្ដាញសង្គម Facebook មានការចែកចាយរំលែកនូវរូបភាពប្ដីប្រពន្ធ និងឆ្កែសំណព្វប៉ុន្មានក្បាលរបស់គាត់ ដោយក្នុងនោះគេឃើញថា ម្ចាស់ឆ្កែបានដឹកពួកវាដោយក្ដីស្រឡាញ់ បើទោះបីជាពួកគាត់ទាំង ២នាក់ ត្រូវជិះម៉ូតូមានឥវ៉ាន់សំពីងសំពោងក៏ដោយ និងមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ។ រូបភាពប៉ុន្មានសន្លឹកនោះបានទាក់ចិត្តអ្នកលេងបណ្ដាញសង្គមជាច្រើន ជាពិសេសគឺអ្នកដែលស្រឡាញ់សត្វចិញ្ចឹម ប៉ុន្តែយ៉ាងណាក៏ដោយ នៅមានមនុស្សតិចណាស់ដែលបានដឹងរឿងរ៉ាវដ៏សង្វេគចិត្តមួយ នៅពីក្រោយរូបភាពប្ដីប្រពន្ធ និងសត្វឆ្កែដ៏កម្សត់ទាំងនោះ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress  បានរាយការណ៍ថា ការពិតទៅរូបភាពទាំងអស់នោះ ត្រូវបានគេថតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅពេលដែលលោក Pham Minh Hung អាយុ ៤៩ឆ្នាំ និងភរិយា បានធ្វើដំណើរពីខេត្ត Long An ទៅទីក្រុង Ca Mau ក្នុងគោលបំណងទៅស្រុកកំណើតខាងប្រពន្ធ នៅឯឃុំ Khanh Hung ។ លោក Pham ធ្វើការជាអ្នករៀបឥដ្ឋនៅខេត្ត Long An ប៉ុន្តែដោយសារការឆ្លងរាតត្បាតនៃជំងឺ COVID-19 វាបានធ្វើឱ្យជីវភាពរបស់ប្ដីប្រពន្ធទាំង ២នាក់ កាន់តែយ៉ាប់យ៉ឺនឡើងៗ ដូច្នេះហើយពួកគេសម្រេចចិត្តទៅស្រុកកំណើតគ្រួសារខាងប្រពន្ធ។ ទោះបីជាមានជីវភាពលំបាកក្ដី ប្ដីប្រពន្ធទាំង ២នាក់ ត្រូវបានគេដឹងថា មានសត្វចិញ្ចឹមទាំងអស់ ១៦ក្បាល ដោយមានសត្វឆ្កែ ១៥ក្បាល និងឆ្មា ១ ក្បាល។

នៅថ្ងៃកើតហេតុប្ដីប្រពន្ធទាំង ២នាក់ រួមទាំងបងប្អូនរបស់ពួកគេចំនួន ៣ នាក់ផ្សេងទៀត បានយកសត្វឆ្កែទាំង ១៥ក្បាល ទៅស្រុកកំណើតជាមួយពួកគេ (ចែកគ្នាដឹក) ហើយនៅពេលទៅដល់ប៉ុស្ដិ៍ត្រួតពិនិត្យនៅខេត្ត Ca Mau ពួកគេបានឱ្យឆ្កែ ២ក្បាល ទៅមនុស្សម្នាក់ផ្សេងទៀតឱ្យជួយចិញ្ចឹម។ លុះទៅដល់ស្រុកកំណើតនៅឯឃុំ Khanh Hung នៃខេត្ត Ca Mau អ្នកទាំង ៥ ត្រូវបានគេឱ្យធ្វើចត្តាឡីស័ក ហើយជាលទ្ធផលគឺអ្នកទាំងអស់បានវិជ្ជមានជាមួយជំងឺ COVID-19 ។

នៅទីបំផុតសត្វឆ្កែ និងឆ្មា ទាំងអស់របស់ពួកគេត្រូវបានគេយកទៅសម្លាប់ ដោយយកហេតុផលថា ម្ចាស់របស់ពួកវាបានកើតជំងឺ COVID-19 ហើយនេះក៏ជាការបង្ការការ​ចម្លងទៅអ្នកផ្សេងទៀតផងដែរ។ ជាមួយគ្នានេះដែរ អាជ្ញាធរនៅខេត្ត Ca Mau បាននិយាយថា ពួកគេទទួលបានការយល់ព្រមពីម្ចាស់របស់សត្វ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មហាជនជាច្រើនបានរិះគន់យ៉ាងខ្លាំង ហើយមានអ្នកខ្លះបានដាក់ញត្តិ (petition) ប្រឆាំងនឹងការសម្លាប់បែបនេះទៀតផង៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: