អន្តរជាតិ

ក្រុមហ៊ុនឱសថអាមេរិក Merck កំពុងស្នើសុំការអនុម័តពី FDA សម្រាប់ការប្រើប្រាស់ជាបន្ទាន់ លើថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ របស់ខ្លួន

BY
autoadmin
October 12, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ក្រុមហ៊ុនឱសថអាមេរិក Merck បានស្នើសុំទៅរដ្ឋបាល​ចំណីអាហារ​ និង​ឪ​ស​ថ (FDA) កាលពីថ្ងៃច័ន្ទនេះ ដើម្បីសុំការអនុម័តក្នុងស្ថានភាពបន្ទាន់លើថ្នាំ Molnupiravir ដែលជាថ្នាំគ្រាប់ដំបូងបំផុតសម្រាប់ការព្យាបាលជំងឺ COVID-19 ។ នាយកប្រតិបត្តិក្រុមហ៊ុន Merck បានហៅថ្នាំគ្រាប់នេះថា ជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង COVID-19 ។ ជម្រាបដែរថា ថ្នាំគ្រាប់របស់ Merck ប្រើការបញ្ចូលកំហុស (errors) ចូលទៅក្នុងកូដហ្សែន ដែលនឹងធ្វើឱ្យជំងឺ COVID-19 មិនអាចបំបែកខ្លួនបាននោះទេ។

អ្នកវិទ្យាសាស្ត្របាននិយាយថា ថ្នាំគ្រាប់នេះការពារអ្នកជំងឺនៅដំណាក់កាលដំបូង ពីការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ។ ហើយវាបន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ ឬការស្លាប់បានប្រហែល ៥០% ចំពោះអ្នកដែលប្រើថ្នាំបែប placebo ។ យ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្រឈានមុខគេម្នាក់ គឺលោកស្រី Daria Hazuda បាននិយាយថា ថ្នាំនេះមិនមានបំណងជំនួសវ៉ាក់សាំងបង្ការជំងឺ COVID-19 នោះទេ។ ជាក់ស្ដែងអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសជាច្រើនគឺនៅមានកម្រិតទាប ខណៈថ្នាំគ្រាប់នឹងជារបស់បន្ថែមក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: