អន្តរជាតិ

WHO ណែនាំឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺដូសទី៣ ដល់អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ដោយសារពួកគេមិនមានការឆ្លើយតបគ្រប់គ្រាន់ជាមួយវ៉ាក់សាំងស្ដង់សារធម្មតានោះទេ

BY
autoadmin
October 12, 2021

ទីប្រឹក្សាអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃច័ន្ទបានផ្តល់អនុសាសន៍ថា អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ និងបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចហើយនោះ គួរតែទទួលបានវ៉ាក់សាំងដូសទី៣ ឬ Booster បន្ថែមទៀត។ ជាក់ស្ដែងពលរដ្ឋនៅតាមតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកដែលមានភាពស៊ាំខ្សោយ គឺអាចចាប់ផ្ដើមទទួលយកវ៉ាក់សាំងដូសទី៣ បានហើយ ដោយសារក្រុមមនុស្សប្រភេទនេះ មិនមានការឆ្លើយតបគ្រប់គ្រាន់ជាមួយវ៉ាក់សាំងនោះទេ។ អ្នកជំនាញបាននិយាយផងដែរថា កន្លងមកអ្នកដែលបានទទួលវ៉ាក់សាំង Pfizer-BioNTech, Moderna ឬ AstraZeneca នៅតែអាចឆ្លងជំងឺ COVID-19 ធ្ងន់ធ្ងរផងដែរ ដោយសារតែបញ្ហាភាពស៊ាំខ្សោយរបស់ពួកគេ។

អ្នកប្រឹក្សារបស់ WHO ក៏បានណែនាំផងដែរថា មនុស្សដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ដែលបានទទួលវ៉ាក់សាំងចិន Sinopharm ឬ Sinovac ត្រូវទៅទទួលបានការចាក់មួយទៀត។ ពួកគេបាននិយាយថា ការសិក្សាដែលពាក់ព័ន្ធនឹងមនុស្សនៅក្នុងក្រុមអាយុនេះនៅឯអាមេរិកឡាទីនបានបង្ហាញថា វ៉ាក់សាំងទាំង ២ ប្រភេទ គឺមានប្រសិទ្ធភាពចុះខ្សោយទៅតាមពេលវេលា ដូច្នេះដូសទី៣ គឺចាំបាច់សម្រាប់ក្រុមមនុស្សប្រភេទនេះ។ ជាមួយគ្នានេះដែរ មេដឹកនាំអង្គការសុខភាពពិភពលោកក៏បានរិះគន់ប្រទេសអ្នកមានមួយចំនួន ដែលបានប្រមូលទិញវ៉ាក់សាំងទុកច្រើនហួសហេតុ ខណៈគិតត្រឹមសប្ដាហ៍មុននេះ មានតែពលរដ្ឋនៅទ្វីបអាហ្វ្រិកប្រមាណជា ៥% ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: