មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចោទសហរដ្ឋអាមេរិកថា គឺជាដើមចមនៃអស្ថិរភាពនៅឧបទ្វីបកូរ៉េ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះ បានស្តីបន្ទោសគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា ប្រទេសរបស់លោកកំពុងបង្កើនសមត្ថភាពយោធារបស់ខ្លួន ដើម្បីការពារអធិបតេយ្យជាតិបន្ថែមទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle ។ លោក គីម បានចោទអាមេរិកថា គឺជាដើមចមនៃអស្ថិរភាពនៅឧបទ្វីបកូរ៉េ ហើយគ្មានហេតុផលណាមួយដែលអាចគួរទុកចិត្តថា ទីក្រុងវ៉ាស៊ីនតោនគឺជាអ្វីក្រៅពី «អរិភាព» ដែលដាក់សម្ពាធទៅលើទីក្រុងព្យុងយ៉ាងឡើយ។

លោកបាននិយាយបែបនេះនៅឯពិព័រណ៍ការពារជាតិ ចំពេលមានរបាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីល ICBM ល្បឿនលឿនជាងមុនមួយប្រភេទទៀត ខណៈពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា ខ្លួនមិនមានបំណងអរិភាពចំពោះប្រទេសរបស់លោក គីម ជុងអ៊ុន នោះទេ។ យ៉ាងណាក៏ដោយលោក គីម បាននិយាយទៅវិញថា លោកមិនដឹងថានឹងមានពលរដ្ឋ ឬប្រទេសណាមួយ ដែលជឿលើអាមេរិកនោះទេ។ លោក គីម បាននិយាយបែបនេះ នៅនឹងមុខការដាក់បង្ហាញអាវុធជាច្រើន រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-16 ដែលមីស៊ីលធំបំផុតរបស់ប្រទេសនេះ ប៉ុន្តែពួកគេមិនទាន់បានបាញ់សាកល្បងបានម្ដងនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ DW