ចាប់ពីឆ្នាំ២០១៩ទៅ ម៉ាឡេស៊ីនឹងពិន័យអ្នកជក់បារីនៅកន្លែងសាធារណៈ អាចជាប់គុកទៀតផង
ម៉ាឡេស៊ី៖ ម៉ាឡេស៊ីបានសម្រេចអនុវត្តច្បាប់គ្រប់គ្រងលើការជក់បារីនៅតាមទីសាធារណៈដ៏តឹងរឹងមួយ ដែលច្បាប់ថ្មីនេះនឹងត្រូវប្រើប្រាស់ជាផ្លូវការចាប់ពីខែមករា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ បើតាមលោក Lee Boon Chye អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ម៉ាឡេស៊ីបានឲ្យដឹងថា សេចក្តីព្រាងច្បាប់នៃច្បាប់ថ្មីនេះត្រូវបានគេធ្វើឡើងជាយូរមកហើយ និងត្រូវបានស្ថាប័នកំពូលៗពិនិត្យ និងសម្រេចរួចរាល់ផងដែរ ហើយព័ត៌មាននេះគឺជាការជូនដំណឹងមួយដល់ប្រជាជនម៉ាឡេស៊ីឲ្យបានដឹង និងត្រៀមខ្លួនចូលរួមអនុវត្តច្បាប់ថ្មីនេះទាំងអស់គ្នា។
ច្បាប់ថ្មីនេះនឹងធ្វើការហាមឃាត់មិនឲ្យមានការជក់បារីនៅតាមទីសាធារណៈដូចជា នៅតាមភោជនីយដ្ឋាន ហាងកាហ្វេ តាមផ្លូវសាធារណៈ កន្លែងលក់អាហារតាមចិញ្ចើមផ្លូវ សួនសាធារណៈ និងកន្លែងសាធារណៈសំខាន់ៗមួយចំនួនទៀត។ ក្នុងករណីជនណាដែលប្រព្រឹត្តផ្ទុយនឹងច្បាប់នេះ នឹងត្រូវធ្វើការផាកពិន័យជាប្រាក់រហូតដល់ពី ៣,៣០០ ដុល្លារ ឬប្រឈមនឹងការជាប់គុករយៈពេល ២ ឆ្នាំ។ តំណាងរដ្ឋាភិបាលម៉ាឡេស៊ីបានអះអាងថា គោលបំណងនៃការបង្កើតច្បាប់នេះគឺដើម្បីលើកកម្ពស់សុខភាពប្រជាជននៅតាមទីសាធារណៈ៕


អត្ថបទ៖ ភក្តី
ប្រភព៖ thecoverage