អន្តរជាតិ
តែងខ្លួនជាខ្មោចបុណ្យ Halloween ដើរបន្លាចគេឯង ចុងក្រោយត្រូវគេដាក់ទណ្ឌកម្មឲ្យដេកក្នុងរណ្តៅកប់ខ្មោចមែនទែន
BY Khmernote Media
October 24, 2018
ឥណ្ឌូនេស៊ី៖ ក្មេងប្រុសពីរនាក់ត្រូវបានគេដាក់ទណ្ឌកម្មឲ្យដេកនៅក្នុងរណ្ដៅកប់ខ្មោចអស់រយៈពេលជាច្រើនម៉ោង ព្រោះតែពួកគេបានតែងខ្លួនជាខ្មោចក្នុងគោលបំណងលេងសើចបន្លាចនឹងអ្នកជិតខាង។ ក្មេងប្រុសពីរនាក់នេះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Depok ភាគខាងលិចកោះ Java ប្រទេសឥណ្ឌូនេស៊ី។
ការពិតទៅគោលបំណងរបស់ក្មេងទាំងពីរនេះគឺពួកគេចង់ប្រារព្ធពិធីបុណ្យ Halloween និងចង់តែងខ្លួនជាខ្មោចលេងសើចជាមួយនឹងអ្នកជិតខាង តែការលេងសើចរបស់ពួកគេហាក់ជាជ្រុលបន្ដិចដោយពួកគេបានស្លៀកពាក់ដូចខ្មោចមែនទែនតែម្តង និងបានបង្កឲ្យមានភាពភ័យខ្លាចជាខ្លាំង។ យ៉ាងណាក្តី ប្រជាជនខ្លះបានដឹងការពិតរបស់ពួកគេ និងបានរាយការណ៍ជូនអាជ្ញាធរ ហើយក៏ប៉ូលិសក៏បានចាប់ខ្លួនពួកគេហើយបង្ខំឲ្យពួកគេដេកនៅក្នុងរណ្ដៅកប់ខ្មោចយ៉ាងយូរ ទម្រាំតែម្តាយឪពុករបស់គេមកដោះស្រាយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ nextshark

