អេត្យូពីបើកទំព័រប្រវត្តិសាស្រថ្មីតែងតាំងប្រមុខរដ្ឋជាស្ត្រីដំបូងបំផុត!
ប្រទេសអេត្យូពី៖ សភាប្រទេសអេត្យូពីបានតែងតាំងប្រធានាធិបតីស្ត្រីដំបូងរបស់ខ្លួនគឺលោកស្រី Sahle-Work Zewdeដែលត្រូវបានមហាជនកោតសរសើរថាជាទំព័រប្រវត្តិសាស្រថ្មីមួយសម្រាប់ស្ត្រីទាំងអស់នៅទូទាំងអាហ្វ្រិកខាងកើត។នេះបើយោងតាមប្រធានក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ប្រធានាធិបតីថ្មីលោកស្រី Sahle-Work Zewde មានអាយុ៦៩ឆ្នាំ ធ្លាប់បានបម្រើការជាឯកអគ្គរដ្ឋទូតអេត្យូពីប្រចាំប្រទេសបារាំង, ជាតំណាងអចិន្រ្តៃយ៍របស់អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ និងត្រូវបានទទួលស្គាល់ពីទុយនីស៊ីនិងម៉ារ៉ុក (២០០២-២០០៦) ។ ចាប់ពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ២០០២ លោកស្រីបានបម្រើការជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសហ្ស៊ីបូទី និងប្រទេសសេណេហ្គាល់។ លោកស្រីក៏ជាតំណាងអចិន្រ្តៃយ៍នៃអាជ្ញាធរអន្ដររដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍ (IGAD) (១៩៨៩-១៩៩៣)
ការតែងតាំងប្រធានាធិបតីថ្មីលោកស្រី Sahle-Work Zewde បានកើតឡើងក្រោយមានកំណែទម្រង់នយោបាយដោយលោក Abiy Ahmed ដែលជាមេដឹកនាំនយោបាយវ័យ ៤២ឆ្នាំ និងក្មេងបំផុតរបស់អាហ្វ្រិកដែលបានឡើងកាន់តំណែងកាលពីខែមេសា។
កាលពីសប្តាហ៍មុនលោក Abiy Ahmed បានកាត់បន្ថយតំណែងថ្នាក់រដ្ឋមន្ត្រីរបស់ប្រទេសនេះនៅសល់ត្រឹម ២០នាក់ ហើយបានប្រគល់តួនាទីពាក់កណ្តាលដល់ស្ត្រី រួមទាំងរដ្ឋមន្រ្តីការពារជាតិស្ត្រីជាលើកដំបូងសម្រាប់ប្រទេសផងដែរ។
លោកក៏បានដោះលែងអ្នកកាសែត, អ្នកសរសេរប្លក់, និងអ្នកទោសនយោបាយជាច្រើននាក់ដែលត្រូវបានចាប់ខ្លួនដោយរដ្ឋអំណាចចាស់ ព្រមជាមួយកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរយៈពេល ២០ឆ្នាំជាមួយប្រទេសអេរីទ្រា។



អត្ថបទ៖ លីដា
ប្រភព៖ CNN