ប្រទេសថៃនឹងប្រមូលថ្លៃពីភ្ញៀវទេសចរបរទេស ៩ ដុល្លារអាមេរិក ចាប់ពីខែមេសាតទៅ
- BY
- autoadmin
- January 13, 2022
ប្រទេសថៃគ្រោងនឹងប្រមូលថ្លៃពីអ្នកទេសចរបរទេសចំនួន ៣០០ បាត ឬ ៩ ដុល្លារអាមេរិក ចាប់ពីខែមេសាតទៅ ដើម្បីអភិវឌ្ឍតំបន់ទេសចណ៍ និងធានារ៉ាប់រងគ្រោះថ្នាក់ សម្រាប់ជនបរទេសដែលមិនអាចបង់ថ្លៃដោយខ្លួនឯងបាន។ ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់អាស៊ី បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការធ្លាក់ចុះនៃវិស័យទេសចរណ៍ ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 ដោយមានភ្ញៀវទេសចរចូលមកប្រហែល ២០០,០០០ នាក់ ប៉ុណ្ណោះកាលពីឆ្នាំមុន បើធៀបនឹងជិត ៤០ លាននាក់ ក្នុងឆ្នាំ២០១៩។

ថ្លៃសេវាបន្ថែមនេះនឹងដាក់ទៅក្នុងបញ្ជីតម្រូវការ សម្រាប់ភ្ញៀវទេសចរបរទេសដែលស្វែងរកការចូលប្រទេសថៃ ដែលរួមមានការបង់ប្រាក់ជាមុនសម្រាប់ការធ្វើតេស្ត COVID-19 ការស្នាក់នៅក្នុងសណ្ឋាគារ ឬការដាក់ឱ្យនៅដាច់ពីគេ និងការធានារ៉ាប់រង ជាមួយនឹងការរ៉ាប់រងលើការព្យាបាលជំងឺ COVID-19 យ៉ាងតិច ៥០,០០០ ដុល្លារ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា តម្លៃថ្មីនេះនឹងត្រូវកំណត់ជាមួយនឹងសំបុត្រយន្តហោះ និងជាផ្នែកមួយនៃផែនការទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់រដ្ឋាភិបាលថៃ។ លោក Thanakorn បាននិយាយថា ប្រទេសថៃរំពឹងថា នឹងមានភ្ញៀវបរទេសពី ៥ ទៅ ១៥ លាននាក់ នៅឆ្នាំនេះ អាស្រ័យលើគោលនយោបាយ ដែលមាននៅក្នុងទីផ្សារទេសចរណ៍សំខាន់ៗរបស់ខ្លួន។ លោកបានបន្តថា ទីផ្សារទេសចរណ៍ (ជនបរទេស) ត្រូវបានគេរំពឹងថា នឹងរកចំណូលបាន ៨០០ ពាន់លានបាត (២៣.៩៧ ពាន់លានដុល្លារ) នៅឆ្នាំនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






