អន្តរជាតិ

ប្រទេសកូរ៉េខាងត្បូងអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Novavax សម្រាប់ការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់

BY
autoadmin
January 13, 2022

ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំង Novavax និងតៀមរៀបចំចែកចាយថ្នាំគ្រាប់ Paxlovid ដែលជាថ្នាំប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer នៅក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង។ ក្រសួងសុខាភិបាលបាននិយាយថា ថ្នាំគ្រាប់ Paxlovid ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នៅក្នុងខែធ្នូ ចំនួន ២១,០០០​ គ្រាប់ នឹងមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងថ្នាំ ១០,០០០ គ្រាប់ទៀត រំពឹងថានឹងមកដល់នៅចុងខែនេះ។ ក្រសួងបានបន្ថែមថា ថ្នាំគ្រាប់ Paxlovid នឹងចាប់ផ្តើមប្រើប្រាស់ក្នុងការព្យាបាលមនុស្សជាង ១,០០០ នាក់ ក្នុងមួយថ្ងៃចាប់ពីថ្ងៃសុក្រ។

អ្នកនាំពាក្យក្រសួងបានប្រាប់សន្និសីទសារព័ត៌មានថា៖«តាមអាទិភាព ការព្យាបាលដោយថ្នាំគ្រាប់ត្រូវបានគ្រោងនឹងចាប់ផ្តើមដំបូង សម្រាប់អ្នកជំងឺដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ឬអ្នកជំងឺដែលមានភាពស៊ាំចុះខ្សោយនៅតាមផ្ទះ និងមជ្ឈមណ្ឌលព្យាបាលតាមសហគមន៍»។ ជម្រាបដែរថា ថ្នាំ Paxlovid មានប្រសិទ្ធភាពជិត ៩០% ក្នុងការការពារការចូលមន្ទីរពេទ្យ និងការស្លាប់ ចំពោះអ្នកជំងឺដែលមានហានិភ័យឆ្លងជំងឺធ្ងន់ធ្ងរ នេះបើយោងតាមទិន្នន័យពីការសាកល្បងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Pfizer ក៏បាននិយាយថា ទិន្នន័យមន្ទីរពិសោធន៍ថ្មីៗបង្ហាញថា ថ្នាំគ្រាប់នេះអាចរក្សាប្រសិទ្ធភាពរបស់វាប្រឆាំងនឹងជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង បានផងដែរ។

គួរឱ្យដឹងដែរថា ក្រៅពីការអនុញ្ញាតឱ្យវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Novavax ប្រទេសកូរ៉េខាងត្បូងបានអនុម័តវ៉ាក់សាំងផ្សេងទៀតរបស់ AstraZeneca, Moderna, Pfizer និង Johnson & Johnson’s Janssen ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: