អន្តរជាតិ

រដ្ឋាភិបាល​អង់គ្លេស​នឹងបន្ថយ​រយៈពេល​ធ្វើចត្តាឡីស័ក មកនៅត្រឹម ៥ថ្ងៃ ចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ

BY
autoadmin
January 14, 2022

រដ្ឋាភិបាល​អង់គ្លេស​នឹងកាត់បន្ថយ​រយៈពេល​ធ្វើចត្តាឡីស័ក សម្រាប់​ប្រជាជន​ក្នុង​ប្រទេស​អង់គ្លេស​ដែលតេស្ត​វិជ្ជមាន​ជាមួយ​ជំងឺ COVID-19 មក​ត្រឹម​ ៥​ថ្ងៃ​ ដែលកាត់បន្ថយពី​រយៈពេល ៧ ​ថ្ងៃ ពីច្បាប់ចាស់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Sajid Javid រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ លោកបានមានប្រសាសន៍ថា ចាប់ពីថ្ងៃចន្ទក្រោយនេះ ពលរដ្ឋអាចផ្អាកការធ្វើចត្តាឡីស័កនៅថ្ងៃទី៦ ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមាន ២ដង និងមិនមានអាការគ្រុនក្តៅ។ លោក Javid បាននិយាយថា ការកាត់បន្ថយពេលវេលានេះ គឺដោយសាររដ្ឋាភិបាលចង់បង្កើនសកម្មភាពនៅក្នុងសេដ្ឋកិច្ច និងការអប់រំឡើងវិញ ខណៈដែលតាមទិន្នន័យផ្លូវការបានបង្ហាញថា ២ ភាគ ៣ នៃអ្នកកើតជំងឺ COVID-19 នឹងមិនចម្លងមេរោគចេញក្រៅទៀតទេ ក្រោយរយៈពេល ៥ថ្ងៃ ចាប់តាំងពីពួកគេតេស្ដវិជ្ជមានជាមួយជំងឺ។

ជម្រាបដែរថា ចក្រភពអង់គ្លេសបាននិងកំពុងរាយការណ៍ពីការឆ្លងថ្មីជាង ១០០,០០០ ក្នុងមួយថ្ងៃ ជាមួយនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់អូមីក្រុង។ ការកើនឡើងនេះបានបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងដល់បុគ្គលិករបស់មន្ទីរពេទ្យ សាលារៀន និងការដឹកជញ្ជូន។ គេ​សង្ឃឹម​ថា ​ការ​កាត់​បន្ថយរយៈពេល​ធ្វើចត្តាឡីស័កមក​ត្រឹម​ ៥​ថ្ងៃ ​នឹង​កាត់​បន្ថយ​សម្ពាធ​បុគ្គលិកធ្វើការ។ ជាមួយគ្នានេះដែរ មន្ត្រីសុខាភិបាលក៏កំពុងជំរុញឱ្យប្រជាជនពាក់ម៉ាស់ និងជៀសវាងការប៉ះពាល់នៅកន្លែងដែលមានមនុស្សច្រើន ទោះបីជាពួកគេបានបញ្ចប់ការដាក់ឱ្យនៅដាច់ពីគេក្នុងរយៈពេល ៥ ថ្ងៃក៏ដោយ ព្រោះពួកគេអាចមានហានិភ័យនៅតែឆ្លងទៅមនុស្សផ្សេងទៀត។ សហរដ្ឋអាមេរិកក៏បានកាត់បន្ថយរយៈពេលចត្តាឡីស័កមកត្រឹម ៥ថ្ងៃ ក្រោមលក្ខខណ្ឌមួយចំនួនផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: