អន្តរជាតិ

ខេត្តកេបិចរបស់ប្រទេសកាណាដា គ្រោងនឹងដាក់ពន្ធសុខភាពលើពលរដ្ឋដែលមិនព្រមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

BY
autoadmin
January 14, 2022

ខេត្តកេបិច (Quebec) របស់ប្រទេសកាណាដា បានប្រកាសពីផែនការដាក់ «ពន្ធសុខភាព» លើពលរដ្ឋដែលបដិសេធមិនទទួលថ្នាំបង្ការជំងឺ COVID-19 ហើយមិនមានហេតុផលវេជ្ជសាស្ត្រត្រឹមត្រូវ ដោយសាររលកថ្មីនៃជំងឺរាតត្បាតបានឆ្លងរាលដាលពាសពេញខេត្តនេះ។ នាយករដ្ឋមន្ត្រី François Legault កាលពីថ្ងៃអង្គារ បានប្រកាសពីការរឹតត្បឹតថ្មីនេះ សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ នៅចំពេលដែលខេត្តបានរាយការណ៍ពីការស្លាប់ថ្មីចំនួន ៦២ ករណី ដែលនាំឱ្យការស្លាប់ដោយសារជំងឺ COVID-19 របស់ខេត្តកើនឡើងដល់ ១២,០២៨ ករណី។ ផែនការថ្មីនេះនឹងដាក់សម្ពាធដល់អ្នកដែលមិនព្រមចាក់វ៉ាក់សាំង ដោយសារថា ពួកគេជាបន្ទុកសម្រាប់បុគ្គលិកមន្ទីរពេទ្យ និងពលរដ្ឋនៅកេបិចទាំងមូល។

ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការលាលែងពីតំណែងភ្លាមៗរបស់មន្ត្រីសុខាភិបាលជាន់ខ្ពស់ក្នុងខេត្ត វេជ្ជបណ្ឌិត Horacio Arruda ស្របពេលមានកំហឹងកាន់តែខ្លាំងឡើងចំពោះវិធានការបិទខ្ទប់ថ្មី មន្ទីរពេទ្យឈានដល់ចំនួនកំណត់ និងការចាក់ដូសជំរុញមានភាពយឺតយ៉ាវ។ ដំណឹង​នៃ​ពន្ធសុខភាព​ និង​ជាច្បាប់ដំបូង​បំផុត​ក្នុង​ប្រទេស​កាណាដាមួយនេះ បានកើតមានឡើងនៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង វាយលុកពាសពេញខេត្ត ដែលជំរុញឱ្យមានវិធានការបិទខ្ទប់ថ្មី និងបម្រាមគោចរថ្មីៗ ហើយក៏ស្របនឹងការពិតដែលថា កេបិចជាតំបន់ ដែលមានការឆ្លងរីករាលដាលខ្លាំងបំផុតនៅក្នុងប្រទេស។ ការពិតទៅពលរដ្ឋនៅកេបិច ៨៥% បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស គិតត្រឹមខែមករា ហើយមានតែ ១២.៨% ប៉ុណ្ណោះ ដែលមិនព្រមទៅចាក់វ៉ាក់សាំង ប៉ុន្តែពួកគេបានរួមចំណែក ១ ភាគ ៣ នៃករណីសម្រាកក្នុងមន្ទីរពេទ្យ៕

អត្ថបទ៖ លីដា
ប្រភព៖ The Guardian

Share This Post: