ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចំនួន ២គ្រាប់ បន្ថែមទៀតនៅព្រឹកនេះ
- BY
- autoadmin
- January 17, 2022
រដ្ឋាភិបាលជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចំនួន ២ គ្រាប់ នៅព្រឹកថ្ងៃចន្ទនេះ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kishi Nobuo បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីល ១ គ្រាប់ នៅម៉ោងប្រហែល ៨៖៤៩ នាទីព្រឹក ហើយគ្រាប់ទី២ នៅម៉ោងប្រហែល ៨៖៥២ ព្រឹក (ម៉ោងនៅប្រទេសជប៉ុន) ។ លោក Kishi បាននិយាយថា មីស៊ីលត្រូវបានបាញ់ក្នុងកម្ពស់អតិបរមាប្រហែល ៥០ គីឡូម៉ែត្រ ហើយទំនងជាហោះបានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ តាមគន្លងផ្លោងជាធម្មតា។ លោកបាននិយាយថា មីស៊ីលទំនងជាបានចុះចតនៅជិតឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។

លោក Kishi បាននិយាយថា៖«វាច្បាស់ណាស់ថាកូរ៉េខាងជើងកំពុងព្យាយាមកែលម្អបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន។ ការបាញ់មីស៊ីលផ្លោងស៊េរីថ្មីៗដោយកូរ៉េខាងជើង តំណាងឱ្យបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់សហគមន៍អន្តរជាតិទាំងមូល»។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុនក៏បានដាក់ពាក្យបណ្តឹងជាផ្លូវការតាមរយៈស្ថានទូតរបស់ខ្លួនក្នុងទីក្រុងប៉េកាំងផងដែរ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយផងដែរថា កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២ គ្រាប់ ដែលជឿថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ឆ្ពោះទៅទិសខាងកើត ពីទីតាំងមួយនៅខាងក្រៅរដ្ឋធានីព្យុងយ៉ាង។ នេះជាលើកទី៤ ហើយដែលកូរ៉េខាងជើងបាញ់មីស៊ីលចាប់តាំងពីចូលឆ្នាំ២០២២៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






