អន្តរជាតិ

ព្យុះកំបុតត្បូងចំនួន ២ បានបោកបក់ទៅលើរដ្ឋផ្លរីដា ខណៈផ្ទះពលរដ្ឋប្រមាណជា ៧,០០០ ខ្នង ត្រូវគ្មានអគ្គិសនីប្រើប្រាស់

BY
autoadmin
January 17, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ខ្យល់ព្យុះកំបុតត្បូងចំនួន ២ បានបោកបក់នៅភាគនិរតីនៃរដ្ឋផ្លរីដាកាលពីព្រឹកថ្ងៃអាទិត្យ ដោយបានបំផ្លាញផ្ទះយ៉ាងហោចណាស់ ២៨ ខ្នង និងខូចខាតជាច្រើនទៀត នៅក្នុង Lee County ខណៈផ្ទះប្រហែល ៧,០០០ ខ្នង គ្មានថាមពលអគ្គិសនីប្រើប្រាស់។ លោក Cecil Pendergrass សហប្រធានក្រុមប្រឹក្សាភិបាលនៅ Lee County បាននិយាយថា យ៉ាងហោចណាស់មានផ្ទះចំនួន ៦២ ខ្នង បច្ចុប្បន្នគឺមិនអាចចូលនៅបានទេ។ ព្យុះកំបុតត្បូងនោះជាប្រភេទ EF2 ដែលមានកម្លាំងខ្យល់អតិបរមា ១១៨ ម៉ាយ/ម៉ោង ហើយវាបានបំផ្លាញទាំងស្រុងនូវផ្ទះចល័តចំនួន ៣០ ក្នុងចំណោមផ្ទះចល័តចំនួន ១០៨ ខ្នង នៅជិតក្រុង Fort Myers ។

ក្រុមមន្ត្រី​បាន​និយាយ​ថា មានពលរដ្ឋចំនួន ៤នាក់ បានរងរបួស ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ធ្ងន់ធ្ងររហូតចូលមន្ទីរពេទ្យ​នោះទេ។ ចំណែកព្យុះកំបុតត្បូងប្រភេទ EF1 ដែលមានខ្យល់បក់ល្បឿន ១១០ ម៉ាយ/ម៉ោង ដែលបានបោកបក់នៅតំបន់ Charlotte County ភាគខាងជើងនៃក្រុង Fort Myers ក៏បានបន្សល់នូវការបំផ្លិចបំផ្លាញផងដែរ នេះបើយោងតាមសេវាកម្មអាកាសធាតុ (NWS)។ សេវាកម្មអាកាសធាតុបាននិយាយនៅក្នុងព្រឹត្តិបត្រមួយថា៖«ប្រមោយទឹក (waterspout) បានឆ្លងកាត់កោះ Gasparilla នៅជិតផ្លូវ Boca Grande Causeway បន្ទាប់មកបោកបក់ទៅសហគមន៍ Placida ដែលនាំឱ្យមានការបំផ្លាញផ្ទះសម្បែងយ៉ាងហោចណាស់ ៣៥ខ្នង និងកន្លែងស្តុកទុកមួយនៅទីនោះ»៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: