ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាជនចិនបានកើនឡើងតែ ៤៨០,០០០ នាក់ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២១

    BY autoadmin January 17, 2022
    ប្រជាជនចិនបានកើនឡើងតែ ៤៨០,០០០ នាក់ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២១

    រដ្ឋាភិបាលចិនបាននិយាយថា ប្រជាជនចិនបានកើនឡើងដល់ ១.៤១ ពាន់លាននាក់ គិតត្រឹមចុងឆ្នាំមុន ដែលជាការកើនឡើង ៤៨០,០០០ នាក់ ធៀបនឹងឆ្នាំមុនៗមួយទៀត។ ការិយាល័យស្ថិតិជាតិបានប្រកាសកាលពីថ្ងៃចន្ទថា កំណើនប្រជាជនថ្មីមានការចុះថយក្នុងរយៈពេល ៦ឆ្នាំ ចុងក្រោយនេះ ដោយមានទារកតែ ១០.៦ លាននាក់ បានកើតកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះ ១.៤ លាននាក់ ធៀបនឹងតួលេខសម្រាប់ឆ្នាំ២០២០។ អត្រានៃកំណើនប្រជាជនសរុបគឺទាបបំផុតចាប់តាំងពីឆ្នាំ១៩៦០ នៅពេលដែលគោលនយោបាយ «មហាលោតផ្លោះ» ដ៏បរាជ័យ បាននាំឱ្យមានការស្លាប់មនុស្សមួយចំនួនធំដោយសារភាពអត់ឃ្លាន។

    ចំនួនសរុបនៃអ្នកដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ បានកើនឡើងជិត ១០ លាននាក់ បន្ថែមទៀត ដែលនាំឱ្យចំនួនមនុស្សវ័យចំណាស់កើនឡើងដល់ ២០០ លាននាក់ ឬស្មើនឹង ១៤% នៃចំនួនប្រជាជនសរុប។ រំលឹកដែរថា រដ្ឋាភិបាល​ចិន​បាន​លុបចោល​គោលនយោបាយ​កូន​មួយ ​ដែល​ជាច្បាប់មាន​អាយុកាល​រាប់​ទសវត្សរ៍​​ កាលពី​ឆ្នាំ២០១៦ ហើយ​ឥឡូវនេះ​ពួកគេអនុញ្ញាតឱ្យស្វាមីភរិយាអាចមានកូនរហូតដល់ ៣ នាក់បាន​។ ប៉ុន្តែ​អត្រា​កំណើត​បាន​បន្ត​ធ្លាក់​ចុះ​មួយ​ផ្នែក ​ដោយសារ​ការចំណាយថ្លៃចិញ្ចឹម​កូន​មាន​តម្លៃ​ខ្ពស់ពេក។ យ៉ាងណាក៏ដោយ ចំនួនប្រជាជនសរុបមិនថយចុះទេ ហើយប្រទេសនេះនឹងនៅតែរក្សាចំនួនប្រជាជនលើសពី ១.៤ ពាន់លាននាក់ដដែល៕

    អត្ថបទ៖ លីដា
    ប្រភព៖ SCMP

    Share This Post: