ទីក្រុងហុងកុងកំណត់ឱ្យមានការធ្វើចត្តាឡីស័កចំនួន ២១ថ្ងៃ សម្រាប់អ្នកដំណើរមកពីប្រទេសក្នុងតំបន់អាស៊ីមួយចំនួន
- BY
- autoadmin
- January 18, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានឱ្យដឹងថា ទីក្រុងហុងកុងបានកំណត់ឱ្យអ្នកដំណើរដែលមកពីប្រទេសនៅក្នុងអាស៊ីមួយចំនួន ត្រូវធ្វើចត្តាឡីស័កក្នុងសណ្ឋាគាររយៈពេល ២១ថ្ងៃ នៅពេលមកដល់ទឹកដីរបស់ខ្លួន។ ប្រទេសក្នុងអាស៊ីដូចជា៖ វៀតណាម ឥណ្ឌូណេស៊ី ឡាវ សិង្ហបុរី កូរ៉េខាងត្បូង និងថៃ ត្រូវបានដាក់ចូលក្នុង Group A ដែលមានន័យថា មានហានិភ័យខ្ពស់ពីជំងឺ COVID-19 ហើយអ្នកដំណើរមកពីតំបន់ទាំងនេះត្រូវចំណាយពេល ២១ថ្ងៃ នៅដាច់ដោយឡែកក្នុងសណ្ឋាគារដែលបានកំណត់ និងឆ្លងកាត់ការធ្វើតេស្ត COVID-19 ចំនួន ៦ លើក។ ពួកគេក៏ត្រូវតែតាមដានសុខភាពរបស់ពួកគេដោយខ្លួនឯង ក្នុងរយៈពេល ៧ ថ្ងៃបន្ទាប់ពីនោះទៀតផងដែរ។

កាលពីថ្ងៃសុក្រ ទីក្រុងហុងកុងបានប្រកាសហាមឃាត់អ្នកដំណើរមកពីប្រទេសជាង ១៥០ (ដែលត្រូវបានចាត់ចូលក្នុង Group A) នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ ពោលគឺទីក្រុងនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងតូចមួយនៃវ៉ារ្យ៉ង់ អូមីក្រុង ដែលកើតឡើងដោយសារតែបុគ្គលិកម្នាក់ របស់អាកាសចរណ៍ Cathay Pacific បានបំពានច្បាប់ដាក់ឱ្យនៅដាច់ដោយឡែក។ កាលពីប៉ុន្មានសប្ដាហ៍មុន ទីក្រុងហុងកុងក៏ទើបតែបានបញ្ជាក់ពីករណីជំងឺ COVID-19 វ៉ារ្យ៉ង់ ដែលតា ជាលើកដំបូងរបស់ខ្លួន ហើយពួកគេមិនអាចកំណត់អត្តសញ្ញាណបាននៅឡើយទេ ខណៈពួកគេកំពុងអនុវត្តគោលនយោបាយ zero-Covid ដើម្បីការពារពីការឆ្លងថ្មីៗ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider
- Share This Post:






