ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពេជ្រពណ៌ខ្មៅមកពីក្រៅភពដ៏កម្រទំហំ ៥៥៥ ការ៉ាត់ នឹងត្រូវគេដាក់ដេញថ្លៃក្នុងតម្លៃចាប់ពី ៦.៨ លានដុល្លារ នៅខែក្រោយនេះ

    BY autoadmin January 19, 2022
    ពេជ្រពណ៌ខ្មៅមកពីក្រៅភពដ៏កម្រទំហំ ៥៥៥ ការ៉ាត់ នឹងត្រូវគេដាក់ដេញថ្លៃក្នុងតម្លៃចាប់ពី ៦.៨ លានដុល្លារ នៅខែក្រោយនេះ

    ថ្មីៗនេះក្រុមហ៊ុន Sotheby’s បានដាក់បង្ហាញនូវពេជ្រពណ៌ខ្មៅដ៏កម្របំផុតរបស់ពិភពលោក ដែលមានទំហំ ៥៥៥.៥៥ ការ៉ាត់ ដែលគេស្គាល់ថាជា «The Enigma» នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ វាក៏អាចហៅបានម៉្យាងទៀតថា Carbonado ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថា ពេជ្រខ្មៅនេះត្រូវបានគេជឿថាមកពីភពក្រៅផ្សេងទៀត ដែលអាចបណ្ដាលមកពី​ឥទ្ធិពល​នៃអាចម៍ផ្កាយ ឬ​​ អាចម៍​ផ្កាយ​ដែល​មាន​ពេជ្រនៅក្នុងនោះបានធ្លាក់មកលើ​ផែនដី។ វាអាចមានអាយុកាលចន្លោះពី ២.៦ ទៅ ៣.៨ ពាន់លានឆ្នាំមុន ហើយមានបរិមាណ អាសូត និងអ៊ីដ្រូសែន តិចតួចនៅក្នុងនោះ ដែលសារធាតុទាំងនោះមាននៅតំបន់ផុតទំនាញ Interstellar Space។ វាក៏មានសារធាតុ Osbornite ដែលជាសារធាតុរ៉ែ មាននៅក្នុងអាចម៍​ផ្កាយ​។

    ពេជ្រខ្មៅនោះត្រូវបានគេរំពឹងថា នឹងលក់ក្នុងតម្លៃ ៥ លានផោន (៦.៨ លានដុល្លារ) នៅពេលដែលវានឹងត្រូវដាក់ឱ្យដេញថ្លៃនៅថ្ងៃទី០៣ ដល់ទី០៩ ខែកុម្ភៈ នៅឯទីក្រុងឡុងដ៍ បន្ទាប់ពីការដាក់បង្ហាញនៅទីក្រុងឌូបៃ និងឡូសអេនជឺលេស ហើយក្រុមហ៊ុន Sotheby’s ក៏គ្រោងនឹងទទួលការទិញតាមរយៈរូបិយប័ណ្ណគ្រីបតូផងដែរ។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការលក់ត្បូងពេជ្រទំហំ ១០១ ការ៉ាត់ ឈ្មោះថា «The Key 10138» ធ្លាប់បានក្លាយជាគ្រឿងអលង្ការថ្លៃបំផុត ក្រោមការចំណាយដោយរូបិយប័ណ្ណគ្រីបតូ នៅពេលដែលវាត្រូវបានលក់កាលពីឆ្នាំមុន។ បើយោងតាមលោក Sophie Stevens អ្នកឯកទេសគ្រឿងអលង្ការនៅ Sotheby’s ក៏បានឱ្យដឹងដែរថា លេខ ៥ មានអត្ថន័យពិសេសសម្រាប់ពេជ្រខ្មៅនោះ ដោយសារវាមាន ៥៥ ជ្រុង៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: