អន្តរជាតិ

ប្រទេសកូរ៉េខាងជើងកំពុងពិចារណាលើការចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ

BY
autoadmin
January 20, 2022

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា កូរ៉េខាងជើងនឹងពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយពិចារណាឡើងវិញនូវរាល់សកម្មភាពដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ពោលគឺពួកគេសំដៅទៅលើការផ្អាកការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន។ ភាព​តានតឹង​បាន​និង​កំពុង​កើន​ឡើង​ជុំវិញ​ការ​ធ្វើ​តេស្ត​មីស៊ីល​របស់​កូរ៉េ​ខាង​ជើងក្នុងរយៈពេលថ្មីៗនេះ ហើយការដាក់ទណ្ឌកម្មថ្មីពីភាគីសហរដ្ឋអាមេរិក ក៏កំពុងធ្វើឱ្យមានប្រតិកម្មដ៏ក្តៅគគុកពីទីក្រុងព្យុងយ៉ាង ដែលទំនងជាអាចឱ្យមានកម្ដៅក្ដៅខ្លាំងដូចជំនាន់ឆ្នាំ២០១៧។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោះប្រជុំសមាជិកគណបក្សកម្មករដែលកំពុងកាន់អំណាចកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពី «បញ្ហាគោលនយោបាយសំខាន់ៗ» រួមទាំងវិធានការប្រឆាំងនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលពួកគេហៅវាថាជានយោបាយ «អរិភាព» ។ KCNA បាននិយាយថា ការិយាល័យបានបញ្ជាឱ្យមានការពិចារណាឡើងវិញនូវវិធានការកសាងទំនុកចិត្ត និង ពិនិត្យមើលភ្លាមៗអំពីបញ្ហានៃការចាប់ផ្តើមឡើងវិញនូវរាល់សកម្មភាព ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈពេលដែលអំពាវនាវឱ្យពង្រឹងមធ្យោបាយរូបវន្តដ៏មានឥទ្ធិពលជាបន្ទាន់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: