អន្តរជាតិ

វៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩វ៉ារ្យ៉ង់អូមីក្រុង នៅក្នុងសហគមន៍ជាលើកដំបូងបំផុតរបស់ខ្លួន

BY
autoadmin
January 20, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន US News បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ក្នុងសហគមន៍ជាលើកដំបូងបំផុត ខណៈអាជ្ញាធរសុខាភិបាលបានជំរុញឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នជាមួយនឹងវ៉ារ្យ៉ង់ថ្មីនេះ។ កាសែត Tien Phong បានរាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរសុខាភិបាលថា ករណីវិជ្ជមានចំនួន ៣ ត្រូវបានរកឃើញកាលពីចុងសប្តាហ៍នៅទីក្រុងហូជីមិញ ហើយត្រូវបានបញ្ជាក់ថាជាករណី អូមីក្រុង កាលពីល្ងាចថ្ងៃអង្គារ។

ប្រទេសវៀតណាមធ្លាប់បានរកឃើញករណី អូមីក្រុង ច្រើនជាង ៧០ ករណី ពីអ្នកដំណើរមកពីបរទេស នៅពេលដែលពួកគេត្រូវដាក់ឱ្យនៅដាច់ដោយឡែកតាមកន្លែងកំណត់។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា៖«សហគមន៍ចាំបាច់ត្រូវបង្កើនការប្រុងប្រយ័ត្នរបស់ពួកគេប្រឆាំងនឹង អូមីក្រុង ដោយមិនគួរប្រមូលផ្តុំនៅកន្លែងដែលមានមនុស្សច្រើន និងគួរទៅចាក់វ៉ាក់សាំងឱ្យបានពេញលេញ»។ គួរឱ្យដឹងដែរថា វៀតណាមបានកត់ត្រាការឆ្លងជំងឺ COVID-19 ជាង ២ លានករណី និងមានអ្នកស្លាប់ជិត ៣៦,០០០ នាក់ គិតមកទល់ពេលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: