ប្រទេសជប៉ុនអនុម័តគម្រោងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អាយុពី ៥ ដល់ ១១ឆ្នាំ
- BY
- autoadmin
- January 21, 2022
ក្រសួងសុខាភិបាលជប៉ុនបានអនុម័តផែនការពង្រីកកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីដាក់បញ្ចូលកុមារអាយុពី ៥ ទៅ ១១ ឆ្នាំ ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិរបស់ខ្លួន។ វាធ្វើទៅតាមពាក្យស្នើសុំដែលដាក់ដោយក្រុមហ៊ុនឱសថអាមេរិក Pfizer ក្នុងខែវិច្ឆិកា ដែលបានសុំការអនុញ្ញាតពង្រីកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ដល់ក្រុមអាយុពី ៥ ទៅ ១១ ឆ្នាំ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ពីក្រុមអ្នកជំនាញរបស់ក្រសួង ដែលបាននិងកំពុងពិនិត្យមើលប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង Pfizer។ វាបានក្លាយជាការអនុម័តលើកដំបូងដោយអាជ្ញាធរជប៉ុន សម្រាប់ការចាក់វ៉ាក់សាំងកុមារអាយុក្រោម ១២ឆ្នាំ ប្រឆាំងនឹង COVID-19 ។

បច្ចុប្បន្ននេះ ប្រទេសជប៉ុនបានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំង Pfizer និងមួយទៀតដោយក្រុមហ៊ុនផលិតថ្នាំអាមេរិក Moderna សម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។ ចំណែកការប្រើប្រាស់វ៉ាក់សាំងដែលបង្កើតឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបានកំណត់ជាគោលការណ៍ ចំពោះមនុស្សដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ។ ក្រសួងសុខាភិបាលកំពុងជំរុញឱ្យរដ្ឋាភិបាលតាមក្រុង រៀបចំសម្រាប់ការចាប់ផ្ដើមចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី ៥ ទៅ ១១ឆ្នាំ នៅដើមខែមីនាខាងមុខនេះ។ ខ្លួនគ្រោងនឹងកោះប្រជុំអ្នកជំនាញនៅថ្ងៃពុធសប្តាហ៍ក្រោយ ដើម្បីដោះស្រាយព័ត៌មានលម្អិតនៃកម្មវិធីវ៉ាក់សាំងដែលបានពង្រីក៕

អត្ថបទ៖ លីដា
ប្រភព៖ Japan Times
- Share This Post:






