ក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទរបស់លោក Elon Musk កំពុងឈានជិតទៅរកការវះកាត់សាកល្បង ដាក់ឈីបចូលក្នុងខួរក្បាលមនុស្សនៅក្នុងឆ្នាំនេះ
- BY
- autoadmin
- January 21, 2022
ក្រុមហ៊ុន Neuralink ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទរបស់សហរដ្ឋអាមេរិក និងត្រូវបានសហការបង្កើតឡើងដោយមហាសេដ្ឋី Elon Musk កំពុងស្វែងរកប្រធានផ្នែកសាកល្បងព្យាបាល និងអ្នកសម្របសម្រួលការសាកល្បងព្យាបាល ដើម្បីមកចូលរួមជាមួយក្រុមហ៊ុននៅក្នុងគម្រោងថ្មីរបស់ខ្លួន។ ប្រការនេះគឺជាការបង្ហាញថា ក្រុមហ៊ុនទំនងជាឈានជិតដល់ការសាកល្បងថ្មីមួយ ដែលនឹងធ្វើការវះកាត់ដាក់បន្ទះឈីបចូលខួរក្បាលមនុស្ស ខណៈដែលក្រុមហ៊ុនផ្ទាល់ក៏កំពុងរង់ចាំការអនុម័តច្បាប់ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Russia Today ។

នៅក្នុងផ្សាយពាណិជ្ជកម្មស្វែងរកបុគ្គលិកសំខាន់ៗរបស់ខ្លួន ក្រុមហ៊ុនបាននិយាយថា៖«បុគ្គលិកនឹងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយវេជ្ជបណ្ឌិត និងវិស្វករដែលមានគំនិតច្នៃប្រតិដ្ឋបំផុតមួយចំនួន ក៏ដូចជាធ្វើការជាមួយអ្នកចូលរួមសាកល្បងព្យាបាលដំបូងរបស់ Neuralink»។ ក្រុមហ៊ុន Neuralink បាននិយាយថា ប្រធានផ្នែកសាកល្បងព្យាបាលនឹងត្រូវមកដឹកនាំ និងជួយបង្កើតក្រុមស្រាវជ្រាវ ហើយបង្កើតបាននូវការប្រាស្រ័យទាក់ទងគ្នា ដែលភ្ជាប់មកជាមួយបរិយាកាសដែលមានល្បឿនលឿន និងវិវឌ្ឍន៍ឥតឈប់ឈរ។ រំលឹកផងដែរថា កាលពីខែមុនលោក Elon Musk បាននិយាយថា លោករំពឹងថានឹងមានការវះកាត់ដាក់បន្ទះឈីបរបស់ Neuralink ចូលទៅក្នុងខួរក្បាលមនុស្ស នៅក្នុងពេលណាមួយនៅឆ្នាំ២០២២នេះ។
លោក Musk និងដៃគូ Neuralink របស់គាត់ បានបង្កើតក្រុមហ៊ុននេះក្នុងឆ្នាំ២០១៦ ដើម្បីអភិវឌ្ឍបន្ទះឈីបខួរក្បាលដែលភ្ជាប់មនុស្សជាមួយកុំព្យូទ័រ។ គាត់បានអះអាងថា ការផ្សាំគ្នានេះនឹងអាចឱ្យមនុស្សពិការអាចគ្រប់គ្រងឧបករណ៍ដូចជា ស្មាតហ្វូន ជាមួយខួរក្បាលរបស់ពួកគេបាន។ គាត់រំពឹងថា នឹងមានការរីកចម្រើនបន្ថែមទៀត ដូចជាការដោះស្រាយពិការភាព ដោយការភ្ជាប់សញ្ញារវាងសិកាប្រសាទ នៅពេលដែលការសាកល្បងលើមនុស្សចាប់ផ្តើម។ ជាក់ស្ដែង Neuralink ក៏ធ្លាប់បានវះកាត់សាកល្បងដាក់បន្ទះឈីបរបស់ពួកគេ នៅក្នុងខួរក្បាលរបស់ស្វា macaque និងសត្វជ្រូករួចហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






