ក្រសួងឥណ្ឌូនេស៊ី បញ្ជាឲ្យបញ្ឈប់ការងារនាយកបច្ចេកទេសក្រុមហ៊ុន Lion Air ភ្លាម ក្រោយកើតមានគ្រោះថ្នាក់ធ្លាក់យន្តហោះ
ឥណ្ឌូនេស៊ី៖ បន្ទាប់ពីយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Lion Air បានធ្លាក់ចូលទៅក្នុងសមុទ្រប្រទេសឥណ្ឌូនេស៊ីមក ពេលនេះលោកនាយកបច្ចេកទេសហោះហើរនៃក្រុមហ៊ុនមួយនេះត្រូវបានបញ្ឈប់ពីការងារភ្លាមៗ។ ការសម្រេចបញ្ឈប់ការងាររបស់នាយបច្ចេកទេសរបស់ក្រុមហ៊ុន Lion Air គឺលោក Muhammad Asif ត្រូវបានធ្វើឡើងភ្លាមៗ ក្រោយមានការបញ្ជាដោយផ្ទាល់ពីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី។ យ៉ាងណាក្តី ការបញ្ឈប់ការងាររបស់លោក Muhammad Asif នេះ អាចជាការបញ្ឈប់បណ្តោះអាសន្ន ព្រោះលោកអាចនឹងអនុញ្ញាតអោយចូលធ្វើការងារវិញ ប្រសិនបើការស៊ើបអង្កេតរកឃើញថា ការធ្លាក់យន្តហោះមិនមែនជាកំហុសរបស់គាត់។
គួររម្លឹកជូនថា កាលពីព្រឹកថ្ងៃចន្ទកន្លងទៅនេះ យន្តហោះ Boeing 737 Max 8 របស់ក្រុមហ៊ុន Lion Air បានធ្លាក់ចូលក្នុងសមុទ្រ បន្ទាបពីធ្វើការហោះហើរបានត្រឹមតែ ១៣ នាទី ប៉ុណ្ណោះ។ គេជឿថា អ្នកដំណើររួមទាំងក្រុមការងារហោះហើរទាំង ១៨៩ រូប បានស្លាប់បាត់បង់ជីវិត បើទោះជាពេលនេះគេមិនទាន់រកឃើញសាកសពរបស់ពួកគេក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia



