មន្ត្រីស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង៖ សហរដ្ឋអាមេរិកបានស្នើផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ៦០ លានដូស ឱ្យទៅប្រទេសកូរ៉េខាងជើង
- BY
- autoadmin
- January 22, 2022
មន្ត្រីស៊ើបការណ៍សម្ងាត់កំពូលមួយរូបក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថា សហរដ្ឋអាមេរិកធ្លាប់បានស្នើផ្តល់ប្រទេសកូរ៉េខាងជើងនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៦០ លានដូស។ កាយវិការមនុស្សធម៌របស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេមើលឃើញថា ជាការចង់ផ្សះផ្សាគ្នាពីភាគីអាមេរិក ដើម្បីជំរុញកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ នេះបើតាមលោក Park Jie-won ប្រធានសេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង។ សមាជិកសភាម្នាក់បានដកស្រង់សម្តីលោកស្រី Park ហើយបាននិយាយថា សហរដ្ឋអាមេរិកស្នើផ្តល់ថ្នាំនេះក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បាននិយាយថា ការស្នើផ្តល់ជូននោះត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក គីម សុង (Kim Song)។ គាត់ត្រូវបានគេរាយការណ៍ថា បានបង្ហាញពីចំណាប់អារម្មណ៍ ហើយបានសួរថា តើវ៉ាក់សាំងនេះគឺ Pfizer ឬ Moderna ។ លោក Park ក៏បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងមិនទុកចិត្តវ៉ាក់សាំងរុស្ស៊ី ឬចិនទេ ហើយហាក់ដូចជាចាប់អារម្មណ៍តែវ៉ាក់សាំងពីអាមេរិកប៉ុណ្ណោះ។ វាមិនច្បាស់ទេថា កូរ៉េខាងជើង ដែលបានបាញ់សាកល្បងកាំជ្រួចមីស៊ីលនៅឆ្នាំនេះ នឹងទទួលយកការផ្តល់ជូន ឬយ៉ាងណា។ ថ្មីៗនេះ ប្រទេសនេះបាននិយាយថា ខ្លួនអាចនឹងផ្ដើមសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបសារជាថ្មី ចាប់តាំងពីការផ្អាកកាលពីខែមេសា ឆ្នាំ២០១៨៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






