គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារភាគខាងលិចនៃប្រទេសជប៉ុន ប៉ុន្តែពុំមានការព្រមានពីរលកយក្សស៊ូណាមិទេ
- BY
- autoadmin
- January 22, 2022
ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារនៅក្នុងខេត្ត Oita, Miyazaki, Kumamoto និង Kochi ភាគខាងលិចនៃប្រទេសជប៉ុន ប៉ុន្តែមិនមានការព្រមានពីរលកយក្សស៊ូណាមិទេ។ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារនៅម៉ោងប្រហែល ១៖០៨ នាទី យប់រំលងអធ្រាត្រ ម៉ោងក្នុងតំបន់ នៅថ្ងៃសៅរ៍នេះ។ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុននិយាយថា ការរញ្ជួយគឺចេញក្នុងឆ្នេរសមុទ្រ Kyushu ជម្រៅ ៤៥ គីឡូម៉ែត្រ។ វាមានអាំងតង់ស៊ីតេអតិបរមា ៥ បូក លើមាត្រដ្ឋានរញ្ជួយដីរបស់ប្រទេសជប៉ុនពី ០ ដល់ ៧ ។

គ្រោះរញ្ជួយដីនេះបានបណ្ដាលឱ្យមនុស្សច្រើនជាង ១០នាក់ ត្រូវរងរបួស ខណៈមានការខូចខាតអគារ និងផ្លូវមួយចំនួន។ ចំណែកនៅទីក្រុង Nobeoka ខេត្ត Miyazaki គ្រួសារចំនួន ៣៤០ គ្រួសារ គ្មានទឹកប្រើប្រាស់ ដោយសារទុយោទឹកបានបែកដោយសារការរញ្ជួយ ហើយរថយន្តដឹកទឹកត្រូវបានគេបញ្ជូនទៅជួយប្រជាពលរដ្ឋដែលខ្វះខាត។ អគ្គិសនីត្រូវបានកាត់នៅតំបន់ខ្លះ ប៉ុន្តែវាត្រូវបានស្តារឡើងវិញបានភ្លាមៗវិញដែរ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានជំរុញឱ្យប្រជាជនរក្សាការប្រុងប្រយត្ន័ផ្សេងៗ ហើយទីភ្នាក់ងាររំពឹងថា នឹងមានរញ្ជួយដីខ្លាំងស្រដៀងគ្នានេះនៅប៉ុន្មានថ្ងៃខាងមុខ៕

អត្ថបទ៖ លីដា
ប្រភព៖ Kyodo News
- Share This Post:






