អន្តរជាតិ

ប្រធានាធិបតីអាមេនី Armen Sarksyan ប្រកាសលាលែងពីតំណែង ដោយសារគ្មានអំណាចគ្រប់គ្រាន់នៅក្នុងនយោបាយ

BY
autoadmin
January 24, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា ប្រធានាធិបតីអាមេនីលោក Armen Sarksyan បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីកាន់តំណែងអស់រយៈពេលជិត ៤ឆ្នាំ មកហើយនោះ។ លោកបាននិយាយថា មូលហេតុនៅពីក្រោយការសម្រេចចិត្តរបស់គាត់ គឺដោយសារគាត់មិនមានសំឡេងគាំទ្រចាំបាច់ ដើម្បីឱ្យគាត់អាចមានឥទ្ធិពលនៅលើនយោបាយទាំងក្នុងប្រទេស ឬក្រៅប្រទេសបាន។ លោកបានចង្អុលបង្ហាញជាពិសេសចំពោះការពិតដែលថា ប្រធានាធិបតីនៅប្រទេសអាមេនី មិនអាចជំទាស់ច្បាប់ដែលគាត់ចាត់ទុកថាមិនសមហេតុផល ឬ បញ្ហាដែលមានឥទ្ធិពលទាក់ទងនឹងសង្គ្រាម និងសន្តិភាពបានឡើយ។

លោក Sarkysan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការិយាល័យប្រធានាធិបតី «មិនគួរក្លាយជាគោលដៅសម្រាប់ការនិយាយដើមគេ និងការសមគំនិតគ្នា» ដែលទាក់ទាញការយកចិត្តទុកដាក់របស់សាធារណជនឱ្យឆ្ងាយពីបញ្ហាសំខាន់នោះទេ។ លោក​មិន​បាន​បញ្ជាក់​លម្អិត​ទេ ប៉ុន្តែ​បាន​បន្ត​ពណ៌នា​អំពី​ស្ថានភាព​បច្ចុប្បន្ន​ក្នុង​ប្រទេស​អាមេនី​ថា​ជា «វិបត្តិ​ជាតិ» ។ គួរឱ្យដឹងដែរថា អាមេនី​បាន​ក្លាយ​ជាប្រទេសគោរព​សាធារណរដ្ឋសភា (Parliamentary republic) ក្នុង​ឆ្នាំ២០១៥ បន្ទាប់​ពី​ការ​បោះ​ប្រជាមតិ​ ដែល​កាត់​បន្ថយ​អំណាច​របស់​ប្រធានាធិបតី។ នៅក្រោមរដ្ឋធម្មនុញ្ញថ្មីរបស់ខ្លួន អ្នកកាន់តំណែងមួយត្រូវបានជ្រើសរើសដោយសភារបស់ប្រទេសជារៀងរាល់ ៧ ឆ្នាំម្តង។

លោក Sarksyan គឺជាអ្នកនយោបាយជើងចាស់ ដែលបានបម្រើការជានាយករដ្ឋមន្ត្រីរបស់ប្រទេសអាមេនីរយៈពេលខ្លីចន្លោះឆ្នាំ១៩៩៦ និង ១៩៩៧ មុនពេលចូលកាន់តួនាទីជាឯកអគ្គរដ្ឋទូតរបស់ Yerevan ប្រចាំចក្រភពអង់គ្លេស រយៈពេល ២០ឆ្នាំ ចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៨។ គាត់ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសអាមេនី ក្នុងខែមីនា ឆ្នាំ២០១៨ ភ្លាមៗមុនពេលមានការតវ៉ាធំៗជាច្រើន នៅអំឡុងពេលនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺ Nikol Pashinyan ចូលកាន់តំណែងនៅក្នុងខែឧសភានៃឆ្នាំនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: