ជនជាតិឥណ្ឌូនេស៊ី ២នាក់ ត្រូវពិន័យជាប្រាក់ចំនួន ៣,៦០០ ដុល្លារអាមេរិក ដោយសារពួកគេបានចេញពីបន្ទប់ចត្តាឡីស័កត្រឹមតែ ១ នាទីប៉ុណ្ណោះ
- BY
- autoadmin
- January 24, 2022
អ្នកនេសាទជនជាតិឥណ្ឌូនេស៊ី ២នាក់ ត្រូវបានពិន័យជាប្រាក់ចំនួន ១០០,០០០ ដុល្លារតៃវ៉ាន់ (៣,៦១០ ដុល្លារអាមេរិក) ដោយអាជ្ញាធរសុខាភិបាលតៃវ៉ាន់ ដោយសារពួកគាត់បានចេញពីបន្ទប់សណ្ឋាគារ សម្រាប់ការដាក់ដាច់ដោយឡែកត្រឹមតែ ១ នាទីប៉ុណ្ណោះ។ អ្នកទាំង ២នាក់ បានមកដល់កោះតៃវ៉ាន់តាមយន្តហោះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានបង្គាប់ឱ្យនៅដាច់ដោយឡែក ប៉ុន្តែនៅល្ងាចថ្ងៃទី២២ វិច្ឆិកា ពួកគេបានចេញពីបន្ទប់ទៅទិញម្ហូប។ ពេលដើរចូលកាត់បន្ទប់ទទួលភ្ញៀវរបស់សណ្ឋាគារ បុគ្គលិកប្រាប់ឱ្យពួកគាត់ត្រឡប់ទៅបន្ទប់វិញភ្លាម ហើយបុរសទាំងនោះក៏ធ្វើតាម។

ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា ទោះបីជាពួកគេចេញបានតែ ១នាទី ក៏ដោយ ពួកគេនៅតែទទួលការផាកពិន័យដោយអាជ្ញាធរ។ ប៉ុន្តែគិតមកទល់ពេលនេះពួកគេមិនទាន់បង់ប្រាក់បានគ្រប់ចំនួនទេ ហើយមន្ត្រីបានប្រកាសនៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ នេះថា ពួកគេនៅជំពាក់ប្រាក់ពិន័យ ២៧០,០០០ ដុល្លារតៃវ៉ាន់ (៩,៧០០ ដុល្លារ) សម្រាប់ការផាកពិន័យ និងថ្លៃបន្ទប់។ យ៉ាងណាក៏ដោយ ទីបំផុតមេការរបស់ពួកគេបានបង់ប្រាក់ជំនួសបុរស ២ នាក់នោះ។
គួរឱ្យដឹងដែរថា កោះតៃវ៉ាន់មានច្បាប់ដាក់ឱ្យនៅដាច់ពីគេយ៉ាងតឹងរឹងបំផុតមួយចំនួននៅលើពិភពលោក ដោយនៅឆ្នាំ២០២០ ក៏ធ្លាប់មានពលករចំណាកស្រុកមកពីប្រទេសហ្វីលីពីន ត្រូវបានផាកពិន័យប្រហែល ៣,៥០០ ដុល្លារ សម្រាប់ការចាកចេញពីបន្ទប់ដាច់ដោយឡែកនៅ Kaohsiung ត្រឹមតែ ៨ វិនាទីប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






