អន្តរជាតិ

ក្រុមហ៊ុន Moderna កំពុងសាកល្បងដូសជំរុញថ្មីមួយ ដែលរចនាពិសេសសម្រាប់ប្រឆាំងនឹងវ៉ារ្យ៉ង់អូមីក្រុង

BY
autoadmin
January 27, 2022

ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Moderna កាលពីថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ បានប្រកាសថា ខ្លួនបានចាប់ផ្តើមការសាកល្បងលើដូសជំរុញប្រភេទថ្មីមួយ ដែលរចនាពិសេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 វ៉ារ៉្យង់អូមីក្រុង។ ការសាកល្បងនឹងមានការចូលរួមពីមនុស្សពេញវ័យចំនួន ៦០០ នាក់ ដោយពាក់កណ្តាលនៃពួកគេបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Moderna ចំនួន ២ ដូស យ៉ាងហោចណាស់ ៦ខែ ហើយពាក់កណ្តាលនៃពួកគេផ្សេងទៀត បានទទួលវ៉ាក់សាំងទាំង ២ ដូស បូកនឹងដូសជំរុញ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។

ដូសជំរុញដែលកំណត់គោលដៅជាពិសេសសម្រាប់អូមីក្រុងមួយនេះ គឺនឹងត្រូវវាយតម្លៃថា តើត្រូវប្រើជាដូសទី៣ និងទី៤ ឬយ៉ាងណា។ ក្រុមហ៊ុនក៏បានរាយការណ៍ពីលទ្ធផលអំពីប្រសិទ្ធភាពប្រឆាំងនឹង អូមីក្រុង របស់ដូសជំរុញដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ដោយបាននិយាយថា រយៈពេល ៦ខែ បន្ទាប់ពីការចាក់ដូសជំរុញ កម្រិតនៃអង្គបដិប្រាណប្រឆាំងនឹង អូមីក្រុង ត្រូវបានកាត់បន្ថយចំនួន ៦ដង ពីប្រសិទ្ធភាពកំពូលដែលមានក្នុងរយៈពេល ២៩ថ្ងៃ បន្ទាប់ពីការចាក់ ប៉ុន្តែទោះបីជាមានការចុះថយហើយក្ដី វានៅតែអាចមាននៅក្នុងអ្នកចូលរួមទាំងអស់នោះ។ ទិន្នន័យដែលបានប្រកាសនេះ បានទទួលពីការសិក្សាទៅលើឈាមរបស់មនុស្សចំនួន ២០ នាក់ ដែលបានទទួលដូសជំរុញកម្រិត ៥០ មីក្រូក្រាម ដែលស្មើនឹងចំនួនពាក់កណ្តាលពីវ៉ាក់សាំងទាំង ២ ដូសដំបូង៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: